ករណី​បុរស​ម្នាក់ បើករថយន្ត​បុក​ម៉ុ​តូ​ហើយ​ថយ​កិន​បន្ថែម សាច់ញាតិ​ជនបង្ក​ថា​ជា​ករណី​ចោរឆក់​

2 weeks ago 6

​ភ្នំពេញ​៖ ករណី​បុរស​ម្នាក់​ដែល​បាន​បើករថយន្ត​បុក​ម៉ុ​តូ​ហើយ​ថយ​កិន​បន្ថែម​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នោះ សាច់ញាតិ​ជនបង្ក​កំពុងផ្ដល់​ព័ត៌មាន​ថា​ជា​ករណី​ចោរឆក់ ដែល​ជនបង្ក​ជា​អ្នក​ដេញចាប់​ចោរ​ក៏​ជ្រុល​ចង្កូត​បុក​តែម្ដង ហើយ​គ្មាន​ចេតនា​សម្លាប់​មនុស្ស​ទេ​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ផែង វណ្ណៈ ទើបបាន​បង្ហោះ​នៅមុននេះ​បន្តិច​បាន​រៀបរាប់ថា «​ឮដំណឹង​មក​ថា​សាច់ញាតិ​ជនបង្ក​កំពុងផ្ដល់​ព័ត៌មាន​ថា ជនរងគ្រោះ​ជា​ចោរឆក់ ហើយ​ឈ្មោះ យ៉ាន់​ណា លី​ណា ពេទ្យធ្មេញ ជា​អ្នក​ដេញចាប់​ចោរ​ក៏​ជ្រុល​ចង្កូត​បុក​តែម្ដង ហើយ​គ្មាន​ចេតនា​សម្លាប់​មនុស្ស​ទេ​។ ខ្ញុំ​មិនដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​ចោរឆក់ ឬ យ៉ាងណា​នោះទេ តែ​ប្រទេស​កម្ពុជា​គ្មាន​ទោស​ប្រហារជីវិត​ទេ បើទោះបី​អ្នកស្លាប់​ជា​ចោរឆក់​ក៏ដោយ​។ ម្យ៉ាងទៀត​តាមរយៈ​វីដេអូ​បង្ហាញថា រថយន្តបុក​ហើយ​មិន​ស្លាប់ ថយក្រោយ​កិន​ថែម​ទាល់តែ​ស្លាប់​។ បើ​មិនមាន​ចេតនា​សម្លាប់​មនុស្ស​តើ​ថយក្រោយ​កិន​ថែម​ធ្វើ​អ្វី​?
​សង្ឃឹមថា​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ករណីនេះ​ឲ្យ​បានច្បាស់លាស់ ដើម្បី​បញ្ជាក់​ការពិត ជៀសវាង​មនុស្ស​ស្លាប់​ហើយ​គេ​ចោទ​បន្ថែម​មួយ​ករណី​ទៀត​»​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​២៣ និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច ផ្លូវ ១៧៣ កែង​ផ្លូវ​៣២៨ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បង្ករ​ដោយ​រថយន្ត​ម៉ាក Lexus NX 200T ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BH-8494 បុក​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្តាល 1AI-3848 បណ្តាលឱ្យ​ជនរងគ្រោះ​ភាគី​ម៉ូតូ​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។
​ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត Lexus NX200T ពណ៌​ខ្មៅ បើកបរ​តាម​បណ្តោយ​ផ្លូវ​១៧៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ​ពីក្រោយ រួច​បើក​ថយ​កិន​បន្ថែមទៀត​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែង រីឯ​អ្នករួមដំណើរ​ម៉ូតូ​ម្នាក់ទៀត​របួសធ្ងន់​។
​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ យ៉ាន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ​៥​អឹម ក្រុមទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្លូវ​បេតុង ភូមិ​០១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។ និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ស្រះកែវ សង្កាត់​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង (​របួសធ្ងន់​)​។

​បច្ចុប្បន្ន​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​៖ កូ​លាប ក្រហម​

Read Entire Article