កាន់តែសាហាវ កាន់តែឆាប់ជាប់គុក‌‌! ចាប់ក្មេងអាយុជាង២ឆ្នាំ ធ្វើជាចំណាប់ខ្មាំង

1 month ago 14

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្រែកឡូឡា ហើយ​ឃើញសមត្ថកិច្ចមកជិត ក៏ស្ទុះទៅចាប់ក្មេងប្រុសអាយុជាង២ឆ្នាំម្នាក់ ​យកកូនកាំបិតភ្ជង់ក ​ស្រែកគំរាមសមត្ថកិច្ច «ប្រសិនបើចូលមកចិត គេនឹងសម្លាប់ក្មេងនេះចោល» ប៉ុន្ដែចុងក្រោយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរំដោះក្មេងរងគ្រោះ​។ ហេតុការណ៍​បានកើតឡើង កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១​ នៅក្នុងភូមិពងទឹក​ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​។

មន្ត្រីនគរបាលស្រុកអង្គស្នួល​ បានឲ្យដឹងថា ​ជនសង័្សយ ឈ្មោះ មុត សុវណ្ណ ហៅចិន ​អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មាន​លំនៅក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានកូនកាំបិតមុខស្រួច ដងជ័រ១ និងកូនកាំបិតមុខស្រួចបត់១,​ ដែកមុខស្រួចដងជ័រ១ និងកូនកន្រ្តៃមុខស្រួចបត់១, ​ដែកកេះពណ៌ក្រហម១ និងដបដាក់សាំងចំណុះកន្លះលីត្រ១។ ចំណែកក្មេងប្រុសរងគ្រោះ ឈ្មោះ ស សុខហេង អាយុជាង២ឆ្នាំ មានម្ដាយបង្កើត ឈ្មោះ ឃឿន ស្រីនោ ​អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មានដដែល បានបន្ដថា ​មុនពេលកើតហេតុ ជនសង្ស័យបានដើរចេញពីផ្ទះ នៅក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ បន្ទាប់មក គេបាន​ទៅរកអតីតប្រពន្ធរបស់គេដែលធ្វើការងារ នៅក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែង ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដើម្បីសុំលុយ១ម៉ឺនរៀល សម្រាប់ទុកចាយ។ លុះពេល​ជនសង្ស័យដើរទៅដល់មុខរោងចក្រ ក៏ស្រែកហៅអតីតប្រពន្ធរបស់គេ។ ភ្លាមៗនោះ​ អតីតប្រពន្ធបានដើរចេញមក ហើយ​ដើរចូលទៅក្នុងវិញទៅ ទើបធ្វើឲ្យជនសង្ស័យខឹង ហើយនៅឈរខាងក្រៅរោងចក្រ និងស្រែកឡូឡា នៅទីនោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលឃើញសកម្មភាពបង្កការអុកឡុកបែបនេះ អ្នកគ្រប់គ្រងរោងចក្របានចុចទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋដំណាក់អំពិល។ លុះពេល​សមត្ថកិច្ចចុះមកដល់ ធ្វើឲ្យជនសង័្សយភ័យ ហើយ​រត់គេចខ្លួន។ ស្របពេលនោះ គេបានឃើញកុមាររងគ្រោះខាងលើ ក៏ស្ទុះទៅចាប់ ហើយយកកូនកាំបិតភ្ជង់ក និងគំរាមមកលើសមត្ថកិច្ចថា «គេនឹងសម្លាប់ក្មេងនេះចោល ប្រសិនបើសមត្ថកិច្ចចូលមកចាប់រូបគេ»។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងសភាពបែបនេះ សមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញរបស់ខ្លួន ដើម្បីជួយសង្រ្គោះកុមារារងគ្រោះឲ្យផុតពីចំណាប់ខ្មាំងរបស់ជនសង័្សយ។ ចុងក្រោយ សមត្ថកិច្ចបានរំដោះក្មេងប្រុសរងគ្រោះប្រកបដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ និងដកហូតវត្ថុតាង នាំទៅកាន់​អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕​

The post កាន់តែសាហាវ កាន់តែឆាប់ជាប់គុក‌‌! ចាប់ក្មេងអាយុជាង២ឆ្នាំ ធ្វើជាចំណាប់ខ្មាំង appeared first on Khmer Breaking News.

Read Entire Article