កែវយឺតអវកាស Hubble ងាករេកាណុងទៅសិក្សាអាចម៍ផ្កាយធំមួយ ដែលមានតម្លៃខ្ពស់ហួសប្រមាណ

4 weeks ago 10

(បរទេស)៖ មានអាចម៍ផ្កាយដ៏មហាសែនកម្រមួយ នៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ដែលមានតម្លៃដ៏ច្រើនលើសលុប សឹងតែមិនអាចបរិយាយបាននោះគឺ ១០,០០០ក្វាឌ្រីលាន (quadrillion) ដុល្លារ១០,០០០,០០០,០០០,០០០,០០០,០០០ដុល្លារអាមេរិកឯណោះ។

ការសិក្សាថ្មីមួយពីកែវយឺតអវកាស Hubble Space Telescope ដែលចុះផ្សាយក្នុងសប្តាហ៍នេះ បានស្វែងយល់កាន់តែស៉ីជម្រៅថែមទៀត ចំពោះភាពអាថ៌កំបាំងនៃអាចម៍ផ្កាយខាងលើ ដែលមានឈ្មោះថា ផ្សាយជី ១៦ (16 Psyche)។ វាជាវត្ថុយ៉ាងធំបំផុតមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ គឺចម្ងាយប្រមាណ ៣៧០លានគីឡូម៉ែត្រពីផែនដី ហើយវាមានអង្កត់ផ្ចិតប្រវែង ២២៥ម៉ែត្រ

អាចម៍ផ្កាយភាគច្រើនមានសមាសធាតុផ្សំឡើងពី «ថ្ម» ឬ «ទឹកកក» ប៉ុន្តែអាចម៍ផ្កាយខាងលើមានភាពហាប់ណែនខ្លាំង ហើយភាគច្រើនផ្សំ ឡើងពីលោហៈថែមទៀត គឺប្រហែលអាចជាស្នូលរបស់ភពមួយ ដែលមិនបានទទួលជោគជ័យក្នុងការវិវត្ត ទៅជាភពពេញលក្ខណៈហៅថា «ភពប្រូតូ (Protoplanet)»។

ការសិក្សាថ្មីខាងលើរបស់កែវយឺត Hubble គឺជាការអង្កេតលក្ខណៈកាំរស្មីស្វាយអ៊ុលត្រា (Ultraviolet) ជាលើកដំបូងទៅលើអាចម៍ផ្កាយ 16 Psyche ហើយលទ្ធផលចេញមកបានបង្ហាញថា វាទំនងជាផ្សំឡើងដោយលោហៈធាតុដែក និងនីកែលទាំងស្រុងតែម្តង។ យោងតាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ដូចយើងដឹងហើយថា ផែនដីមានស្នូលជាលោហៈ ព្រមទាំងស្រទាប់ mantle និងស្រទាប់ crust។ វាអាចទៅរួចដែលថា ភពប្រូតូ Psyche កំពុងតែវិវត្តខ្លួន ប៉ុន្តែស្រាប់តែត្រូវវត្ថុមួយផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យមកបុកចំវា ហើយក៏បាត់បង់ស្រទាប់ mantle និងស្រទាប់ crust របស់វាទៅបាត់។

គួរជម្រាបថា អាចម៍ផ្កាយមានសមាសធាតុផ្សំពីលោហៈគឺជាវត្ថុដ៏កម្រ ដូច្នេះហើយ Psyche ផ្តល់ឱកាសយ៉ាងពិសេសមួយសម្រាប់ឲ្យ អ្នកវិទ្យាសាស្រ្តធ្វើការសិក្សាស្រាវជ្រាវអំពីស្នូលរបស់ភព។ នៅឆ្នាំ២០២២ខាងមុខ ទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោងបញ្ជូនយាន ស្រាវជ្រាវមួយតាមគ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX ដើម្បីឲ្យទៅសិក្សាលម្អិតតែម្តងអំពីអាចម៍ផ្កាយ 16 Psyche៕

ប្រភព៖ សារព័ត៌មាន CBS News (ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០)

Read Entire Article