ក្រោយស្ថាបនាផ្លូវហើយចូលរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវសង្ឃឹមមានភ្ញៀវកាន់តែច្រើនឡើង

1 month ago 17

ខេត្ត​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​លេង​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ថា «​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​» ជា​រមណីយដ្ឋាន​មួយ​ដែល​ស្រស់​ស្អាត និង​ទាក់ទាញ​ជាងគេ ក្នុង​ខេត្ត​មួយ​នេះ ។

តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​រអ៊ូរទាំ​បំផុត​នោះ គឺ​ចាប់ពី​ផ្លូវ​ចូល​ខ្លោងទ្វារ​ឆ្ពោះទៅ​កន្លែង​លេង​ទឹកជ្រោះ មានការ​ខូចខាត​គួរ​ឱ្យ​កត់សម្គាល់ ពោល គឺ​លំបាក​ក្នុង​ការ​បើកបរ​ម៉ូតូ ឬ​រថយន្ត​យ៉ាង​ខ្លាំង ដោយ​គេ​សង្កេត​ឃើញ​ផ្លូវ​ទទួល​រង​ការ​ខូចខាត​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ អត់​មាន​អ្នក​ណា​ស្ថាបនា ឬ​ជួសជុល​នោះ​ទេ ទើបតែ​រហូត​មក​ដល់​ពេល​នេះ ខណៈ​ដែល​លោក​ជំទាវ បាន ស្រី​មុំ ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​ភ្លាម បាន​ចាប់ផ្តើម​ធ្វើការ​ស្ថាបនា​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សកម្មភាព​ការងារ​ដែល​គ្រឿងចក្រ កំពុងធ្វើការ​ឈូស​ឆាយ កៀរ​កិន​ដី​ផ្លូវ​ឡើង​ទៅ​រម​នី​យ​ដ្ឋា​ន​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​កំពុង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

ដូច្នេះ ដើម្បី​ចូលរួម​ស្តា​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​រីក​ចម្រើន​ទើប​ពេល​នេះ​ត្រូវ​បាន​អភិបាលខេត្ត​បញ្ជា​ឱ្យ​មន្ទីរ​ជំនាញ​យក​គ្រឿងចក្រ ចុះ​ស្តារ​ស្ថានភាព​ផ្លូវ​អោយ​បាន​ល្អ​ស្អាត​ឡើង​វិញ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​កុះករ​ផង​ដែរ ។

ចំណែក​ខាង​ឯ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ មានការ​ត្រេកអរ និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ឃើញ​ផ្លូវ​ចូល​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​ឡើង​វិញ ហើយ​សង្ឃឹមថា នឹង​មានការ​ចាក់​បេតុង​ថែម​ទៀត​ផង​ដែរ ៕

Read Entire Article