ចាក់ថ្នាំទារកអាយុ១ខែស្លាប់ ពេទ្យឆ្លើយថាឈ្លក់ទឹកដោះគោ

2 weeks ago 9

រាជធានីបាងកក៖ ស្រ្ដីម្នាក់រស់នៅទីខេត្តអយុធ្យា ឃើញកូនរបស់ខ្លួន​ ទើប​នឹង​មាន​អាយុ១ខែ កើតអាការរាករុស ក៏នាំទៅចាក់ថ្នាំ ស្រាប់តែស្លាប់​មួយ​រំពេញ បែរជាគ្រូពេទ្យឆ្លើយថា ឈ្លក់ទឹកដោះគោ ក៏រត់ទៅប្ដឹងសមត្ថកិច្ច​ឲ្យ​ជួយស្រាវជ្រាវ ស្វែងរកមូលហេតុនេះ។​

​បើតាមសារព័ត៌មាន The Nation បានផ្សាយថា  ស្រ្ដីម្នាក់​បាននាំកូន​របស់​​គាត់ ទើបនឹងកើតបាន រយៈពេលមួយខែ នាំទៅចាក់ថ្នាំ នៅក្នុង​មន្ទីរ​ពេទ្យសាកលវិទ្យាល័យ Thammasat  នៅ Pathum Thani ។ ប៉ុន្ដែ​ក្រោយ​ពេលចាក់ថ្នាំហើយបានបន្ដិច ទារកនោះបានស្លាប់។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលកើតមានករណីបែបនេះ ស្រ្ដីជាម្ដាយ​បានទៅដាក់ពាក្យបណ្ដឹង នៅក្នុងស្ថានីយ៍ប៉ូលិស Phra Nakhon Si Ayutthaya កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ បើតាមពាក្យបណ្ដឹង បានរៀបរាប់ថា ​វេជ្ជបណ្ឌិតម្នាក់ នៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលទារកនោះស្លាប់ បានអះអាងថា ទារកនេះ​ស្លាប់ ដោយ​សារឈ្លក់ទឹកដោះគោ។​ ប៉ុន្ដែដោយសារ​បញ្ហានេះ ទើបស្ដ្រីជាម្ដាយ​កើតការងឿងឆ្ងល់ និងមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ច​ជួយ​ស្រាវជ្រាវ។

បើតាមសម្ដីរបស់ស្រ្ដីជាម្ដាយ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាន​នាំកូនរបស់គាត់ មកកាន់មន្ទីរពេទ្យខាងលើ។ ប៉ុន្ដែវេជ្ជបណ្ឌិត នៅក្នុងមន្ទីរ​ពេទ្យនោះ បានប្រាប់ថា កូនរបស់គាត់កើតអាការរាករុសធ្ងន់ធ្ងរ ហើយ​ត្រូវ​ចាក់ថ្នាំ ដើម្បីព្យាបាល។ បន្ទាប់មក គិលានុប្បដ្ឋាយិកា បានចាក់​ថ្នាំឲ្យ​កូន​របស់​គាត់ ស្រាប់តែមួយសន្ទុះក្រោយមក កូនរបស់គាត់បានស្លាប់ ហើយ​បុគ្គលិកពេទ្យ បែរជាប្រាប់ថា កូនរបស់គាត់បានស្លាប់ ដោយការ​ឈ្លក់ទឹក​ដោះគោទៅវិញ។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យគាត់កើត​ការងឿង​ឆ្ងល់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចថៃកំពុងតែស៊ើបអង្កេត លើ​ករណីនេះ ដើម្បីស្វែងរកការពិត៕

The post ចាក់ថ្នាំទារកអាយុ១ខែស្លាប់ ពេទ្យឆ្លើយថាឈ្លក់ទឹកដោះគោ appeared first on Khmer Breaking News.

Read Entire Article