តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​តៃវ៉ាន់​ម្នាក់ ត្រូវ​ប៉ូលិស​ប្រទះឃើញ​ដេកស្លាប់​នៅផ្ទះ​

1 month ago 18

​តារាង​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍​តៃវ៉ាន់ អ្នកស្រី Luo Peiying ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុងផ្ទះ​របស់គាត់ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។ អ្នកស្រី​មាន​វ័យ ៥៩​ឆ្នាំ​។​

​ប៉ូលិស​បាន​រកឃើញ​សាកសព​អ្នកស្រី​នៅក្នុង​ផ្ទះ​គាត់ ស្ថិតក្នុង​ស្រុក Songshan នៃ​ទីក្រុង​តៃប៉ិ ក្រោយពេល​មិត្តភក្តិ​របស់គាត់​បាន​រាយ​ការណ៍​ទៅ​ប៉ូលិស នៅពេល​ពួកគេ​មិនអាច​ទាក់ទង​អ្នកស្រី​បាន​អស់​រយៈពេល ២ ទៅ ៣​ថ្ងៃ​ចុងក្រោយ​។ គាត់​បាន​ខកខាន​ការជួបជុំ​សង្គម​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត Focus Taiwan ដែល​ដកស្រង់​សម្តី​ប៉ូលិស បាន​ឲ្យ​ដឹងថា អ្នកស្រី Luo Peiying បាន​ស្លាប់បាត់​បង់ជីវិត​រយៈ​ពេល​យ៉ាងតិច​មួយថ្ងៃ​មកហើយ​។ កាសែត​ចុះផ្សាយ​ទៀតថា បុគ្គលិក​ស​ង្ក្រោះ​បន្ទាន់​បាន​រកឃើញថា​គាត់​ដេកស្លាប់​នៅលើ​គ្រែ ដោយមាន​ថ្នាំ​ងងុយគេង​មួយ​ប្រអប់ នៅលើ​តុ​ក្បែរ​គ្រែ​។​

​ប៉ូលិស​មិនមាន​ការសង្ស័យថា នោះ​ជា​ករណី​ឃាតកម្ម​អ្វី​ទេ ដោយសារតែ​រក​មិនឃើញ​មាន​ស្នាមរបួស​នៅលើ​ខ្លួន​របស់​ជនរងគ្រោះ​ឡើយ​។ ប៉ូលិស​ក៏បាន​ធ្វើការ​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព នៅក្នុង​តំបន់​នោះ​ផងដែរ ដើម្បី​ឲ្យ​ដឹងថា តើ​មាន​នរណា​ចូលក្នុង​ផ្ទះ​របស់​ជនរ​ង​គ្រោះ​ឬ​យ៉ាងណា មុនពេល​គាត់​ស្លាប់​។​

​សូម​រំលឹកថា អ្នកស្រី Luo Peiying បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ៣​ទសវត្សរ៍​មកហើយ ដោយ​អ្នកស្រី​ចាប់​ផ្តើមដំបូង​ធ្វើជា​តារា​សម្តែង និង​អ្នក​បង្ហាញ​ម៉ូត​។​

​គាត់​ហាក់​មាន​ស្មារតី​ល្អ​ធម្មតា ប៉ុន្មាន​ថ្ងៃមុន​ពេល​គាត់​ស្លាប់ ដោយ​តែងតែ​ធ្វើការ​ឆ្លើយតប​សារ នៅក្នុង​ហ្វេ​ស​បុក​របស់គាត់​។​

​នៅ​ថ្ងៃទី​១២ ខាងមុខ អ្នកស្រី​នឹង​ឈានចូល​ដល់​វ័យ ៦០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA


Read Entire Article