ថ្ងៃនេះ នៅកម្ពុជាបន្ដមានអ្នកឆ្លងកូវីដ-១៩ និងមានអ្នកព្យាបាលជាសះស្បើយបន្ថែមទៀត

1 month ago 10

រាជធានីភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ថា កម្ពុជាបន្ដរក​​ឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ លើពលករខ្មែរម្នាក់ មកពីប្រទេសថៃ និងម្នាក់ទៀត ជាអ្នកដំណើរមកពីអាមេរិក។

ក្រសួងសុខាភិបាល​ បានបញ្ជាក់-ថា ក្រៅពីរកឃើញករណីឆ្លងថ្មីនោះ នៅកម្ពុជាក៏មានអ្នកព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតផងដែរ។ ដោយឡែកអ្នកឆ្លងថ្មី នៃជំងឺកូវីដ-១៩នោះ រួមមាន​

១-ស្ត្រីជនជាតិខ្មែរ អាយុ៥៧ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គាត់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ រីឯលទ្ធផល នៃការធ្វើតេស្តលើវត្ថុសំណាកលើកទី​២របស់ស្ត្រីម្នាក់នេះ ត្រូវបានផ្តល់ឲ្យ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល រកឃើញវិជ្ជមាន នៃវីរុសកូវីដ-១៩។ ​បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបន្ថែមថា  អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ មានសរុប​១៣៨នាក់  ដោយរួមទាំងស្រ្ដីខាងលើផងដែរ។ ដោយឡែកអ្នកដំណើរ ចំនួន១៣៧នាក់ផ្សេងទៀត ត្រូវបានធ្វើតេស្ត រកឃើញអវិជ្ជមាន នៃវីរុសកូវីដ-១៩។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកដំណើរទាំងនោះ ក៏ត្រូវ​ដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ រួមមាន ចំនួន១០នាក់ដាក់នៅសណ្ឋាគារមួយ នា​រាជធានីពេញ, ចំនួនម្នាក់ ដាក់នៅសណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ, ចំនួន៧៩នាក់ ដាក់នៅសណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ, ចំនួនម្នាក់ ដាក់នៅស្ថានទូតអាមេរិក, ម្នាក់ដាក់នៅស្ថានទូតបារាំង, ចំនួន​៥នាក់ដាក់នៅស្ថានទូតស្វីស និងចំនួន៤០នាក់ដាក់នៅមណ្ឌលចត្តាឡីស័ក នារាជធានីភ្នំពេញ​។

២-បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋាន នៅភូមិស្លែង ឃុំស្រណោល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គាត់បានធ្វើដំណើរមកពីប្រទេសថៃ ហើយបានមកដល់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងធ្វើតេស្តវត្ថុសំណាករបស់គាត់ ដែលបានផ្តល់ឲ្យ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារាជធានីភ្នំពេញ រកឃើញវិជ្ជមាន នៃវីរុសកូវីដ-១៩។ ​បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយ ទាំង២នាក់នោះ ​រួមមាន៖

១-បុរសជនជាតិឥណ្ឌូនេស៊ី អាយុ៤៣ឆ្នាំ មានអាសយដ្ឋាន​នៅសណ្ឋាគារមួយ នៅក្នុងរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី ហើយបានមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន នៃវីរុសកូវីដ-១៩ ចំនួន​២លើក ទើបក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។

២-បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាន នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាអ្នកដំណើរមកពីប្រទេសថៃ ហើយបានមកដល់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះ​ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន នៃវីរុសកូវីដ-១៩ ចំនួន​២លើក ទើបក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

បើគិតមកដល់វេលា​ម៉ោង៧​ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៤៥៨ នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន ៤០៥នាក់ ហើយអ្នកជំងឺ៥៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕

សូមអានខ្លឹសាររបស់ក្រសួងសុខាភិបាលទាំងស្រុង ដូចខាងក្រោម៖

The post ថ្ងៃនេះ នៅកម្ពុជាបន្ដមានអ្នកឆ្លងកូវីដ-១៩ និងមានអ្នកព្យាបាលជាសះស្បើយបន្ថែមទៀត appeared first on Khmer Breaking News.

Read Entire Article