ទីក្រុង​​មួយ​​នៅ​​វៀតណាមរឹតត្បិតការដើរហើរម្ដងទៀតក្រោយពីមានករណីឆ្លងថ្មី

2 months ago 19

ប្រទេស​វៀតណាម​បាន​ផ្អាក​ជើង​ហោះហើរ និង​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ចេញ​ចូល​ទីក្រុង​ដាណាង​បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ COVID-19 លើក​ដំបូង​ក្រោយ​ពី​មិន​មាន​ការ​ឆ្លង​រយៈពេល​ជា​ច្រើន​ខែ​មក​នេះ។

ប្រទេស​វៀតណាម​បាន​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ COVID-19 និង​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​ក្នុង​ប្រទេស​ ហើយ​ក៏​មាន​ទេសចរណ៍​ក្នុង​ស្រុក​​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ទីក្រុង​ដាណាង​ដែរ។ ទីក្រុង​ដាណាង​ជា​ទិសដៅ​ទេសចរណ៍​ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​ទេសចរណ៍​ក្នុង​ស្រុក​ដែល​ទីក្រុង​នេះ​គ្រោង​នឹង​ទទួល​ភ្ញៀវ​ទេសចរណ៍​ចំនួន​៨០ ០០០នាក់ក្នុង​សប្ដាហ៍នេះ។

យ៉ាងណាមិញ ​អាជ្ញាធរ​បាន​ប្រកាស​រឹតត្បិត​ក្នុង​ទីក្រុង​ម្ដង​ទៀត​ក្រោយ​ពី​មាន​បុរស​ជនជាតិ​វៀតណាម​វ័យ​៥៧​ឆ្នាំ​ម្នាក់​បាន​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 កាល​ពី​ចុង​សប្ដាហ៍​មុន និង​មាន​ករណី​ឆ្លង​ជា​ច្រើន​នាក់​ទៀត​។ ការ​រឹតត្បិត​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កក្កដា និង​មាន​ការអនុម័ត​នៅ​ពាក់កណ្ដាល​អាធ្រាត្រ​ ថ្ងៃ​ដដែល​នេះ ដោយ​ផ្អាក​ដំណើរការ​រថភ្លើង ឡានក្រុង តាក់ស៊ី និង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ក្នុង​ទីក្រុង​នេះ​រយៈពេល​១៥​ថ្ងៃ។

ករណី​ឆ្លង​ថ្មី​ក្នុង​ទីក្រុង​ដាណាង​មាន​ទំនាក់ទំនង​ទៅ​នឹង​មន្ទីរពេទ្យ​៣​ដែល​ត្រូវ​បាន​បិទ​ចាប់ពី​ម៉ោង​១២​យប់​ឈាន​ចូល​​ថ្ងៃ​ទី២៨ ខែកក្កដា​នេះ​តទៅ។ ចំណែក​ឯ​ប្រជាជន​ក្នុង​ទីក្រុង​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​លុះត្រាតែ​មាន​ភាព​ចាំបាច់​ខ្លាំងទើប​អាច​ចេញ​ក្រៅ​​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី​២នាក់​នៅ​ទី​សាធារណៈ​ទេ។

ដោយឡែក ប្រទេស​វៀតណាម​នៅ​តែ​បិទ​ជើងហោះហើរ​ពី​ប្រទេស​ដទៃ​ទៀត និង​សម្រាប់​ប្រជាជន​ដែល​ត្រលប់​ទៅ​ប្រទេស​វៀតណាម​​វិញ​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​វៀតណាម​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៤៣១ករណី​ ក្នុង​នោះ​អ្នក​ជា​សះស្បើយ ៣៦៥នាក់ និង​មិន​ទាន់​មាន​អ្នក​ស្លាប់​ទេ។

The post ទីក្រុង​​មួយ​​នៅ​​វៀតណាមរឹតត្បិតការដើរហើរម្ដងទៀតក្រោយពីមានករណីឆ្លងថ្មី appeared first on Hello Krupet.

Read Entire Article