ទឹកហូរពីថៃ ជន់លិចក្រុងប៉ោយប៉ែត អូរជ្រៅ និងថ្មពួក

2 weeks ago 14

ខេត្ដបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបានឲ្យដឹងថា បើគិតមកដល់វេលាយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទឹកភ្លៀងបានហូរធ្លាក់យ៉ាងខ្លាំង មកពី​ប្រទេស​​ថៃ បណ្ដាលឲ្យជន់លិចតំបន់ខ្លះ នៃស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា រហូតមក​ដល់​វេលានេះ ទឹកភ្លៀងបានហូរធ្លាក់យ៉ាងខ្លាំង មកពីប្រទេសថៃផង និងទឹក​ភ្លៀង នៅក្នុងប្រទេសផង ធ្វើឲ្យបរិមាណទឹកជន់លិច នៅតាមផ្នែកខ្លះ នៃ​ក្រុង​ប៉ោយប៉ែត និងអូរជ្រៅ ។ ដោយសារតែគ្រោះ​ទឹកជំនន់​ហូរជន់​លិច​បែបនេះ ទើបលោក និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែចុះ​ជម្លៀស​ប្រជា​ពល​រដ្ឋទាំងយប់ ដើម្បីបញ្ជូនពួកគាត់ទៅរកទីទួលមានសុវត្ថិភាព។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា ទឹកហូរមកពី​ប្រទេស​ថៃនេះ មិនមែនជាការបើកទំនប់នោះទេ តែវាជាទឹកភ្លៀង​ហូរធ្លាក់​មកតែ​ប៉ុណ្ណោះ។ ដោយឡែក ទំនប់ទឹកនៅក្នុងខេត្តស្រះកែវនោះ ថៃធ្លាប់​ជូន​ដំណឹងមកភាគីកម្ពុជាថា ថៃនឹងបើកមកនោះ គឺគេមិនទាន់​បើក​នៅឡើយ​ទេ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅប៉ោយប៉ែត ប្រមាណ​៥០​គ្រួសារ ត្រូវបានជម្លៀស ចេញពីលំនៅឋាន។ រីឯប្រជា​ពលរដ្ឋដែល​ត្រូវប្រឈមនឹងការលិចលង់ ត្រូវបានជូនដំណឹង​ឱ្យត្រៀម​លក្ខណៈក្នុងការ​ជម្លៀស ខណៈកងកម្លាំងត្រូវបានណែនាំត្រៀមលក្ខណៈជួយសង្គ្រោះ និងជម្លៀសពួកគាត់។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះមហន្តរាយ កំពុងឈរជើងនៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទឹកធ្លាក់មកពីថៃ បានហូរបុកមកយ៉ាងខ្លាំង ចូលក្នុងឃុំចំនួនពីរ នៃស្រុក​ថ្មពួក។ នៅពេលនេះ លោកបានបញ្ជាឲ្យកងពលតូចថ្មើរជើងលេខ៥១ យោធា​ខេត្ត នគរបាល និងកងពលពិសេស៩១១ ចេញទៅសង្គ្រោះប្​រជាពលរដ្ឋភ្លាមៗ ។ កងកម្លាំងខ្លះបានជួយជញ្ជូន​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរដ្ឋ នាំទៅដាក់ទីទួលមានសុវត្ថិភាព។

បើគិតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គ្រោះទឹកជំនន់នេះ បាន​សម្លាប់​ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ចំនួន១២នាក់។ ប៉ុន្ដែ​ដើម្បីជួយដោះស្រាយការលំបាកនោះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៧ ខែតុលា នេះ បានសម្រេចបន្ថែមកញ្ចប់ថវិកា​ចំនួន១០ម៉ឺន​ដុល្លារបន្ថែមទៀត ជូនដល់ខេត្តខេត្តបន្ទាយមានជ័យ ដោយ​ទទួល​បាន​ថវិកា​សរុបចំនួន២០ម៉ឺនដុល្លារ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និង​ឃុំ/សង្កាត់ចំនួន៤៩។ គ្រោះទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់​ប្រជា​ពលរដ្ឋ ជាង១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារ ត្រូវ​បាន​ជម្លៀសទៅរកទីទួលសុវត្ថិភាព៕

The post ទឹកហូរពីថៃ ជន់លិចក្រុងប៉ោយប៉ែត អូរជ្រៅ និងថ្មពួក appeared first on Khmer Breaking News.

Read Entire Article