ទោះ​ចូល​និវត្តន៍​ តែ McGregor នៅ​អាច​​​រក​ចំណូល​យ៉ាងច្រើន​ពី​ប្រភព​ចំនួន​២

2 weeks ago 14

បើ​ទោះបីជា Conor McGregor អតីត​អ្នកលេង​គុន​ចម្រុះ​របស់ UFC ដែល​ទើបតែ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ក៏​រូបគេ​នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ប្រាក់​ចំណូល​របស់​គេ ។

បើ​យោង​តាម​ប្រភព Forbes ក្លាយជា​កីឡាករ UFC អាច​រក​ចំណូល​បាន​ពី​ស្ថាប័ន​មួយ​នេះ​រហូត​ដល់​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ចាប់​ទាំង​ពី​ឈាន​ជើង​ចូល UFC ក្នុង​ឆ្នាំ​២០១៣​។ ហើយ​រូបគេ​ក៏​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ស្ថាប័ន​មួយ​នេះ​ផង​ដែរ​។

អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ បើ​ទោះបីជា​ចូល​និវត្តន៍​ពី​វិស័យ​នេះ​ក៏​ពិតមែន ប៉ុន្តែ​បុរស​ជនជាតិ​អៀរ​ឡង់​វ័យ ៣១​ឆ្នាំ​រូប​នេះ នៅ​តែ​អាច​រក​ចំណូល​ពី​ប្រភព​ចំនួន​២ បាន​យ៉ាងច្រើន​គឺ​៖

១-ប្រភព​ចំណូល​ជំនួញ​ផ្ទាល់ខ្លួន ៖ Conor McGregor មាន​ជំនួញ​ផ្ទាល់ខ្លួន ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​គឺ ក្រុមហ៊ុន​ផលិត​ស្រា​វី​ស្គី​ម៉ាក Proper No.12 ដែល​រូបគេ​ធ្លាប់​ប្រកាស​ថា ការ​លក់​ឆ្នាំ​ដំបូង​សម្រាប់​ស្រា​វី​ស្គី​ខ្លួន អាច​រក​ចំណូល​បាន​ជិត ១​ពាន់​លាន​ដុល្លារ​។ ហើយ​រូបគេ​ក៏​បាន​ព្យាករណ៍​ថា Proper No.12 នឹង​ក្លាយជា​ផលិតផល​ល្បីល្បាញ​បំផុត​របស់​អៀរ​ឡង់ ហើយនឹង​បន្ត​រហូត​ដល់​រយៈពេល ២៥០​ឆ្នាំទៅ​មុខ​ទៀត​។

២-​​ប្រភព​ចំណូល​ពី​ដៃគូ​ឧបត្ថម្ភ ៖ ដោយសារ​តែ​ភាព​ល្បីល្បាញ​របស់ Conor McGregor បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន តម្រង់​ជួរ​គ្នា​ចុះ​កិច្ចសន្យា ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួក​គេ​។ ដោយ​ធ្វើ​ឱ្យ McGregor អាច​រក​ចំណូល​បាន​ជិត ១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ដៃគូ​ឧបត្ថម្ភ ដែល​មាន​ដូច​ជា​៖ Monster Energy, Reebok, Electronic Arts និង Wynn Resorts រួម​ជាមួយ​ដៃគូ​មួយ​ចំនួន​ផ្សេង​ទៀត​៕ (ដកស្រង់​ចេញពី The Sun)

Read Entire Article