ទំនាស់​ពាក្យសំដី ប្អូនថ្លៃ​វាយ​សម្លាប់​បងថ្លៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​

2 months ago 56

បាត់ដំបង​៖ កាលពី​ថ្ងៃ ចន្ទ ទី​១៣ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី នៅក្នុង​ក្រុមទី​១៣ ភូមិ​អូរ​តាន​ប់ សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី​ឃាដកម្ម មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ហៀ​ប យាន ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ ជា​ប្អូនថ្លៃ​បាន​យក​ដំបង​ជ្រុង​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​អ៊ឹង ងួន​ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​ត្រូវជា​បងថ្លៃ រហូត​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ​។

​នៅពេល​កើតហេតុ​ភ្លាមៗ និង​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​យោបល់​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​អនុវត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហៀ​ប យ៉ាន បាន​ភ្លាមៗ ដើម្បី​មក​ធ្វើការ​ស្រាវជ្រាវ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាពថា មូលហេតុ​ខ្លួន​វាយ​សម្លាប់​ជនរងគ្រោះ​ជា​បងថ្លៃ គឺ​ផ្តើមឡើង​ពី​ទំនាស់​ពាក្យសំដី​ជាមួយគ្នា​។
​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕
​ដោយ​៖​កូ​ឡាប​

Read Entire Article