រាជធានីភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សហការនឹងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញចំនួន ២កន្លែង ក្រោមស្លាក អ៊ីនធើណេត ២៤ ម៉ោង។ ទីតាំងទី ១-ហាងអ៊ីនធើណេត ២៤ម៉ោង យីហោ <<CH 33>> និងទី២- ហាងអ៊ីនធើណេត យីហោ<<9MK>> ដោយបានឃាត់មនុស្សប្រុសស្រី ១៤នាក់ (ប្រុស ១២នាក់ ) និងដកហូតវត្ថុតាងមួយចំនួន ព្រមទាំងបិទអាជីវកម្មទាំងពីរទីតាំងនោះ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ទីតាំងទី១ យីហោ <<CH 33>> នៅផ្ទះលេខ ៤៥D ផ្លូវលេខ ៤៨៨ និងទីតាំងទី ២-ឈ្មោះ <<9MK >> នៅផ្ទះលេខ ៨៣BEo ផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
នគរបាល បានប្រាប់ថា ក្នុងពេលបង្ក្រាបទីតាំងទី១-នៅហាង អ៊ីនធ្វើណេត ២៤ម៉ោង យីហោ <<CH 33>> ប៉ូលិសបានចាប់ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ប្រុស ១២ ) ដកហូតម៉ូតូចំនួន ៣គ្រឿង កុំព្យូទ័រ ១១គ្រឿង ឆ្នោត JOKER ចាប់រង្វាន់ចំនួន ១ធុង សៀវភៅទូទាត់លុយ ១ក្បាល លុយដុល្លារចំនួន ១០ និងលុយខ្មែរចំនួន ១៨ ៩ ០០០រៀល។ ចំណែកឯទីតាំងទី២ គឺហាងអ៊ីនធើណេត ២៤ម៉ោង យីហោ <<9MK>> នៅផ្ទះលេខ ៨៣BEo ផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ប៉ូលិសបានឃាត់នារីម្នាក់ ជាអ្នកមើលការខុសត្រូវ និងដកហូតវត្ថុតាងមួយចំនួន ដូចជា ម៉ាស៊ីនកុំព្យូទ័រ ១៨គ្រឿង ទូរស្សន៍ ១គ្រឿង,ម៉ូតូ ១គ្រឿង ទូរដែក១ ទូរស័ព្ទ ៣គ្រឿង ,លុយដុល្លារ ៤ ៧៤១ដុល្លារ ម៉ាស៊ីន DVD ១គ្រឿង និងវិញ្ញាបនបត្រ បើកអាជីវកម្ម ១សន្លឹក។
ក្រោយប្រតិបត្តិការ ប៉ូលិសបានបញ្ជូនមនុស្ស និងវត្ថុតាង ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីចាត់ការតាមនីតិវិធី ហើយក៏បានបិទឃ្លុំបេទីតាំងហាងអ៊ិនធឺណេតទាំងពីរទីតាំងជាបណ្តោះអាសន្ន៕ ដោយ៖ ភី ផល









