បង្ហាញខ្លួន​ថ្ងៃ​ដំបូង Luka Romero សាង​កំណត់​ត្រា​មិន​ធ្លាប់​មាននៅ La Liga

1 week ago 13

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Luka Romero ដែលជាយុវជនរបស់​ក្លិប Mallorca បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ​បំផុត​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ La Liga នៅ​ពេល​ដែលរូប​គេ​បាន​បង្ហាញខ្លួន​ក្នុងជំនួប​ទល់​នឹង​ក្រុម Real Madrid កាលពី​យប់​ថ្ងៃ​ពុធ​។

ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​វ័យ ១៥​ឆ្នាំ ត្រូវ​បាន​ប្តូរ​ជំនួស​ខ្សែបម្រើ Idrissu Baba នៅ​នាទី​ទី​៨៣ ក្នុង​ជំនួប​ដែល​ក្រុម Mallorca រង​បរាជ័យ ២-០ ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់ Luka Romero ក្នុង​ក្រប​ខណ្ឌ​កំពូល La Liga​។

សូមរំលឹកជូន​ថា កំណត់​ត្រា​ចាស់​ត្រូវ​បាន​បង្កើត​ឡើង​កាលពី ៨០​ឆ្នាំ​មុន នៅ​ពេល​ដែល​អតីត​ខ្សែការពារ Sansón ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម Celta Vigo កាលពី​ខែធ្នូ ឆ្នាំ​១៩៣៩ នៅ​វ័យ ១៥​ឆ្នាំ ២៥៥​ថ្ងៃ ខណៈ​ដែល Luka Romero មាន​វ័យ ១៥​ឆ្នាំ ២១៩​ថ្ងៃ​។

មិន​ត្រឹមតែ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ក្រប​ខណ្ឌ La Liga ប៉ុណ្ណោះ​ទេ តែ Romero ត្រូវ​បាន​រាយការណ៍​ថា ទទួល​បាន​ការចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​កំពូលៗ​នៅ​អឺរ៉ុប​ដូច​ជា Man United, Barcelona, Juventus និង Atletico Madrid ផង​ដែរ​។

សូម​បញ្ជាក់​ថា Luka Romero ​កើត​នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​រូបគេ​បាន​សម្រេច​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នអាយុក្រោម ១៥ឆ្នាំ និង​ត្រូវ​បាន​កោះហៅឱ្យ​ចូល​ក្រុម​ឈុត​អាយុ​ក្រោម ១៧​ឆ្នាំ​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​ព្រឹត្តិការណ៍ Montaigu Tournament ដែល​ត្រូវ​លុប​ចោល​ដោយសារ​វីរុស​កូ​វី​ដ​១៩​៕ (ដកស្រង់ចេញពី៖ Goal.com)

Read Entire Article