ប៉ូលិស​បើក​ការ​ស៊ើបអង្កេត​ករណី​បង្ហោះ​បដា រើសអើង​ជាតិ​សាសន៍

1 week ago 6

ប្រទេស​អង់គ្លេស ៖ អាកាសយានដ្ឋាន Blackpool ត្រូវ​បាន​ផ្អាក​ការ​ហោះហើរ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​មាន​យន្តហោះ​ភ្ជាប់​បដា​មាន​ពាក្យ «White Lives Matter Burnley» ហោះហើរលើកីឡដ្ឋាន Etihad អំឡុង​ពេល​ការ​ប្រកួត​រវាង​ក្រុម Man City នឹង Burnley កាលពី​យប់​ថ្ងៃ​ច័ន្ទ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ខាង​ប៉ូលិស កំពុងបើកការ​ស៊ើបអង្កេត ដើម្បី​វែកមុខ​ជន​ផ្តួចផ្តើម​គំនិត​នេះ ដែល​បង្ហាញ​ពី​សកម្មភាព​រើសអើង​ជាតិ​សាសន៍​។

ដោយឡែក​ខាង​អាកាសយានដ្ឋាន Blackpool បាន​បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ​ត្រូវ​បាន​គេ​រាយការណ៍​ទៅ​កាន់​ប៉ូ​លី​ស និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​។ ស្រប​ពេល​ដែល​លោក Richard Moriarty នាយក​ប្រតិបត្តិ​នៃ​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា ស្ថាប័ន​របស់​លោក​បាន​ថ្កោលទោស ​ចំពោះ​ឧប្បត្តិ​ហេតុនេះ និង​កំពុងបាន​ធ្វើការ​ជាមួយមន្រ្តី​ប៉ូលិស​។

ងាក​មក​កាន់​ក្លិប Burnley វិញ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា ក្លិប​បាន​ធ្វើការ​ជំទាស់ និង​ប្រឆាំង​គ្រប់​ទម្រង់​នៃ​ការ​រើសអើង​ជាតិ​សាសន៍​។

សូមរំលឹកថា សកម្មភាពតវ៉ាទៅនឹងបញ្ហារើសអើងជាតិសាសន៍ បានកើតឡើងក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ដែល​បណ្តាល​ឱ្យ​ផ្ទុះ​ការ​តវ៉ា​ដំបូង​នៅ​សហរដ្ឋអាមេរិក និងរាលដាលដល់​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​។ ដោយ​ក្រុម​បាតុករ​បាន​លើ​បដា​មាន​ពាក្យថា «Black Lives Matter»​៕

Read Entire Article