ប្រមូល​យក​ប្រាក់​គ្រូបង្រៀន​ជាប់​កិច្ច​សន្យា​​ទៅ​ណា លោក​ម្ចាស់?

1 month ago 12

ខេត្តស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូ​ដែល​គ្រូ​ជាប់កិច្ចសន្យា​មួយ​ចំនួន​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង បាន​រិះគន់​មន្ត្រី​ការិយាល័យ​អប់រំ ស្រុក​ស្វាយ​ជ្រំ ដែល​ទារប្រាក់​ពី​ពួក​គាត់​ក្នុង​១​ឆ្នាំ ៦​ម៉ឺន​រៀល នៅ​ពេល​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​គ្រូ​កិច្ចសន្យា និង​បើកប្រាក់​ឧបត្ថម្ភ​ខែ​ដំបូង​។

លោកគ្រូ អ្នកគ្រូ ជាប់កិច្ចសន្យា​ដែល​បង្រៀន​នៅ​តាម​សាលារៀន​មួយ​ចំនួន ក្នុងស្រុក​ស្វាយ​ជ្រំ បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា ៖ ជា​រៀង​រាល់​ឆ្នាំ គ្រូ​ជាប់កិច្ចសន្យា​ទាំងអស់​តម្រូវ​ឱ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​បង្រៀន​ដោយ​ស្ម័គ្រចិត្ត​។ ហើយ​នៅ​ពេល​ដាក់​ពាក់​ស្នើ​សុំ​នេះ មន្ត្រី​បុគ្គលិក​កា​រិ​យា​អប់រំ​ស្រុក បាន​ទារប្រាក់​ពី​ពួក​គាត់​ចំនួន​៤​ម៉ឺន​រៀល និង​ថវិកា​២​ម៉ឺ​រៀល​ទៀត នៅ​ពេល​បើក​ប្រាក់ខែ​ឧបត្ថម្ភ​ដំបូង​។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​យក​ប្រាក់​ពី​លោកគ្រូ អ្នកគ្រូ​ជាប់កិច្ចសន្យា​នេះ មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនដឹង​ថា យក​ថវិកា​នេះ​ទៅ​ណា​ទេ? ដោយ​ថវិការ​ឧបត្ថម្ភ​តិចតួច គឺ​ស្មើនឹង​ថវិកា​គ្រូ​បង្រៀន​ពេញ​សិទ្ធិ​ចូល​បង្រៀន​ដំបូង​៨០​ភាគរយ​តែ​ប៉ុណ្ណោះ ហើយ​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​ទៀត​នោះ គឺ​ពួក​គាត់​មិន​សប្បាយ​នោះ​ឡើយ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោកគ្រូ អ្នកគ្រូ​ជាប់កិច្ចសន្យា​ស្នើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជួយ​ពិនិត្យ​មើល​ការ​អនុវត្តន៍​ភារកិច្ច​មន្ត្រី​អប់រំ​នៅ​ស្រុក​ស្វាយ​ជ្រំ​នេះ​ផង មិនដឹង​មាន​គោល​ការណ៍​ពី​ខាង​ណា​ទេ បានជា​មក​យក​ប្រាក់​ពី​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​ម្តង​ដូច្នេះ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​យស់ សុ​គ​ន្ធា ជា​មន្ត្រី​បុគ្គលិក នៃ​ការិយាល័យ​អប់រំ​ស្រុក​ស្វាយ​ជ្រំ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ​ថា ការ​យក​ប្រាក់​ពី​លោកគ្រូ អ្នកគ្រូ​ជាប់កិច្ចសន្យា​ពិតប្រាកដ​មែន គឺ​ថវិកា ១​ម៉ឺន​រៀល ដើម្បី​រៀបចំ​ឯកសារ និង​ថវិកា​១​ម៉ឺន​រៀល​ទៀត មន្ទីរ​អប់រំ សុំ​រៀបចំ​ឯកសារ​ដែរ ហើយ​សល់​ថវិកា ២​ម៉ឺន​រៀល​ទៀត ទុក​សម្រាប់​អភិវឌ្ឍន៍​ការិយាល័យ​អប់រំ​ស្រុក​។ ចំណែក​ថវិកា ២​ម៉ឺន​រៀល​ទៀត​ដែល​បាន​យក​ប្រាក់​ពី​លោកគ្រូ អ្នកគ្រូ​ជាប់​បើក​ប្រាក់ខែ​ឧបត្ថម្ភ​ដំបូង គឺ​សម្រាប់​ចំណាយ​នៅ​ការ​ហូប​ចុក​ជួបជុំ​គ្នា​ដែល​មាន​ថ្នាក់ដឹកនាំ​ចូលរួម​។

សូម​បញ្ជាក់​ថា លោកគ្រូ អ្នកគ្រូ​ជាប់កិច្ចសន្យា​នៅ​ស្រុក​ស្វាយ​ជ្រំ មាន​ចំនួន​ជាង​២០០​នាក់ ក្នុង​១​នាក់​៦​ម៉ឺន​រៀល ក្នុង​១​ឆ្នាំ តើ​លុយ​នោះ​យក​ទៅ​ធ្វើ​អ្វី? គួរតែ​ក្រសួង​ដែល​ពាក់ព័ន្ធ​ពិនិត្យ​មើល​រឿង​នេះ​ផង គឺ​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ប្រាប់​ថា ក្រោយ​ពី​មានការ​សាកសួរ​ព័ត៌មាន ឥឡូវ​ថ្នាក់ដឹកនាំ នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យ​លោកគ្រូ អ្នកគ្រូ​ជាប់កិច្ចសន្យា​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​គ្រូ​កិច្ចសន្យា​បាន​បង់ប្រាក់ រួច​ឱ្យមក​យក​ប្រាក់​វិញ ហើយ​នៅ​សាលារៀន​មួយ​ចំនួន​ទៀត ដែល​បាន​ដាក់​ពាក់​ស្នើ​សុំ​មិន​ទាន់​បង់ប្រាក់ គឺ​មិនបាច់​ឱ្យ​យក​ទេ ឱ្យ​ការិយាល័យ​អប់រំ​ស្រុក ជា​អ្នក​ដោះ​ស្រាយ ព្រោះ​មិនមែន​ជា​គោលការណ៍​របស់​ក្រសួង​អប់រំ​នោះ​ទ្បើ​យ​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

Read Entire Article