ពិតជាមិនធម្មតា! ការគូសវាសផែនទីជាថ្មីបង្ហាញថា «ផែនដីស្ថិតនៅជិត ចំណុចកណ្តាល Milky Way ជាងពីមុន»

1 month ago 33

(បរទេស)៖ យោងតាមលទ្ធផលក្រោយការគូសវាសជាថ្មី នៃផែនទីកាឡាក់ស៊ី Milky Way របស់យើងបានបង្ហាញថា ប្រព័ន្ធព្រះអាទិត្យយើងស្ថិតនៅ កៀកនឹងចំណុចកណ្តាលនៃកាឡាក់ស៊ីនេះ ជាងផែនទីកាលពីមុន ហើយក៏កំពុងគោចរជុំវិញប្រហោងខ្មៅមហាយក្ស Sagittarius A* ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីនេះ លឿនជាងការគណនាពីមុនផងដែរ។

វាគ្មានអ្វីត្រូវឲ្យយើងព្រួយបារម្ភនោះឡើយ ព្រោះយើងមិនមែនកំពុងរំកិលកាន់តែជិត ប្រហោងខ្មៅមហាយក្ស Sagittarius A* នោះឡើយ ដូច្នេះយើងគ្មានគ្រោះថ្នាក់ ដោយសារតែអំណាចស្រូបកម្ទេចរបស់វាឡើយ។ ផ្ទុយទៅវិញ វាគឺជារឿងល្អប្រសើរ នៅពេលដែលយើងដឹងថា ប្រព័ន្ធព្រះអាទិត្យរួមទាំងផែនដីយើង ស្ថិតនៅទីតាំងជាក់លាក់មួយ ដែលអាចជឿទុកចិត្តបានជាងមុន។

ការគូសវាផែនទីកាឡាក់ស៊ីសាជាថ្មីនេះ វាពិតជាបង្ហាញឲ្យឃើញថា តើវាមានបង្កប់ការបញ្ឆោតដូចម្តេចខ្លះ តាមរយៈចាប់យកជ្រុងចំនួនបី ដើម្បីធ្វើការគណនាចម្ងាយរបស់យើង ពីចំណុចកណ្តាលរបស់កាឡាក់ស៊ី។ ការគណនាអំពីចម្ងាយរវាងវត្ថុអវកាសឆ្ងាយៗ មកកាន់ភពផែនដីយើងនេះ គឺពិតជាភាពលំបាកមួយ ជាពិសេសនៅពេលដែលវាស្ថិតនៅកាន់ឆ្ងាយ ដល់រាប់រយឆ្នាំពន្លឺឡើងទៅ។

ការវាស់ចម្ងាយនានា គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះយើងនឹងអាចដឹងថា តើពន្លឺរបស់វត្ថុអវកាសទាំងនោះ ស្ថិតនៅក្នុងកម្រិតណា។ ឧទាហរណ៍ដ៏ល្អក្នុងរឿងនេះ គឺផ្កាយយក្សក្រហម ប៊ីធែលជូស (Betelgeuse) ដែលយើងបានគណនាថា វាស្ថិតនៅជិតផែនដី ជាងការគណនាកាលពីមុន (កាលពីមុនគឺខ្ទង់ ៧០០ឆ្នាំពន្លឺ ប៉ុន្តែឥឡូវនេះគឺជាង ៦៤០ឆ្នាំពន្លឺ)។ ការប្រែប្រួលនេះ គឺដោយសារតែភាពខុសគ្នា នៃការសិក្សាអំពីកម្រិតពន្លឺផ្កាយនេះឯង ព្រោះតែផ្កាយ Betelgeuse មានពន្លឺមិននឹងនរនោះឡើយ។

សម្រាប់ការកំណត់រយៈចម្ងាយថ្មី នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ពីចំណុចកណ្តាល Milky Way នៅពេលនេះ គឺត្រូវអរគុណទៅដល់ក្រុមការងារតារាសាស្ត្រជប៉ុន VERA ដែលបានប្រើប្រាស់ការស្ទាបស្ទង់ តាមរយៈប្រព័ន្ធតេឡេស្កូបរលកវិទ្យុ។ VERA គឺជាប្រព័ទ្ធតេឡេស្កូបរលកវិទ្យុ ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ដោយទិន្នន័យរបស់ពួកវារួមបញ្ចូលគ្នា អាចប្រៀបស្មើនឹងការប្រើប្រាស់ បន្ទះឌីសតេឡេស្កូបដ៏ធំអស្ចារ្យមួយ ដែលមានមុខកាត់ប្រវែង ២,៣០០គីឡូម៉ែត្រឯណោះ។

VERA ឬ VLBI (Very Long Baseline Interferometry) ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០០០ ហើយវាបានប្រើប្រាស់វិធីសាស្ត្រគណនា មិនខុសពីក្រុមអ្នកវិទ្យាសាស្ត្រលោកខាងលិច ធ្លាប់បានធ្វើកាលពីមុននោះឡើយ នោះគឺការគណនាចម្ងាយផ្កាយនានា ដោយការអង្កេតពីរដងក្នុងមួយឆ្នាំ (៦ខែម្តង) ដើម្បីអាចមើលដឹងពីការផ្លាស់ទីតាំងរបស់ផ្កាយនោះ នៅលើផ្ទៃមេឃផែនដី រួចក៏ធ្វើការគណនាចម្ងាយរបស់វាតែម្តង។

កាលពីឆ្នាំ១៩៨៥ សហភាពតារាសាស្ត្រអន្តរជាតិ (IAU) បានគណនាចេញលទ្ធផលរួមគ្នាថា ប្រព័ន្ធព្រះអាទិត្យរបស់យើង ស្ថិតនៅចម្ងាយ ២៧,៧០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ) ពីចំណុចកណ្តាលនៃកាឡាក់ស៊ី Milky Way។ ដោយឡែកក្រុមការងារអន្តរជាតិ GRAVITY កាលពីឆ្នាំ២០១៩ បានគណនាថា ប្រព័ន្ធព្រះអាទិត្យរបស់យើង ស្ថិតនៅចម្ងាយជិតជាងនេះ គឺប្រមាណ ២៦,៦៧៣ឆ្នាំពន្លឺពីចំណុចកណ្តាល Milky Way។

ចូលមកដល់ចុងឆ្នាំ២០២០នេះ ក្រុមការងារ VERA ឬ VLBI បានគណនាចេញលទ្ធផលថ្មីចុងក្រោយថា តាមការពិតប្រព័ន្ធព្រះអាទិត្យយើង ដែលមានភពផែនដីនៅក្នុងនោះដែរ ស្ថិតនៅចម្ងាយតែ ២៥,៨០០ឆ្នាំពន្លឺប៉ុណ្ណោះ ពីចំណុចកណ្តាលរបស់កាឡាក់ស៊ី Milky Way។ វាហាក់ដូចជាមិនមានការប្រែប្រួលច្រើនឡើយ ប៉ុន្តែការរកឃើញរបស់ VERA ពេលនេះ គឺពិតជាការផ្លាស់ប្តូរមួយ ទៅលើរបៀបគណនាចម្ងាយ នៃវត្ថុអវកាសនានាពីភពផែនដី។ បន្ថែមពីនេះ សម្រាប់ការចល័តនៃប្រព័ន្ធព្រះអាទិត្យយើងវិញ គឺ VERA បានគណនាជាថ្មីថាមានល្បឿន ២២៧គីឡូម៉ែត្រក្នុងមួយវិនាទី ខណៈការគណនាពីមុន គឺមានល្បឿនត្រឹមតែ ២២០គីឡូម៉ែត្រក្នុងមួយវិនាទីប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Science Alert (ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)

Read Entire Article