ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ធំ​បំផុត​​២​ ត្រូវ​​លុប​ចោល​ដោយសារ​ការ​រាតត្បាតកូ​វី​ដ​១៩

1 week ago 4

អន្តរជាតិ ៖ ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក និង​ទីក្រុង​ប៊ែ​ក​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​ប្រកាស​លុប​ចោល​ជា​ផ្លូវការ ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ញូ​វ​យ៉​ក គឺជា​ព្រឹត្តិការណ៍​រត់ប្រណាំង​ធំ​បំផុត និង​មាន​អ្នកចូលរួម​ច្រើន​បំផុត​លើ​ពិភពលោក បន្ទាប់​កាលពី​ឆ្នាំ​មានអ្នកចូលរួម​​រហូត​ដល់ ៥៣.៦៤០​នាក់​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០ ព្រឹត្តិការណ៍​នេះ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ជា​ការ​ប្រារព្ធ​លើក​ទី​៥០ របស់​ខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​សម្រេច​លុប​ចោល​តែ​ម្តង បន្ទាប់​ពី​ការ​ឆ្លង​រីក​រាលដាល​នៃវីរុស​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក​​បន្ត​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ដោយ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​រហូត​ដល់​ជាង ២,៤៦៣,០០០​ករណី និង​អ្នក​ស្លាប់​សរុប ១២៤,២៨១​នាក់​។

លោក Michael Capiraso ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​រត់ប្រណាំង​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា «​ការ​លុប​ចោលការ​រត់​ម៉ា​រ៉ា​តុង​ទីក្រុង​ញូយ៉ក​នៅ​ឆ្នាំ​នេះ ពិតជា​គួរ​ឱ្យ​ខកចិត្ត​ខ្លាំង​ណាស់​ សម្រាប់​អ្នក​គ្រប់​គ្នា​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា យើង​ត្រូវ​ដើរ​តាម​បញ្ហា​សុខភាព​ជាតិ និង​​សុវត្ថិភាព​ជា​ចំបង​»​។

ដោយឡែក​សម្រាប់​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​វិញ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ក៏​​ត្រូវ​បាន​សម្រេច​លុប​ចោល​ផងដែរ។ ដោយសារ​តែ​ភាព​សប្បាយ​រីករាយ រួម​ជាមួយ​សុវត្ថិភាព​សុខភាព​របស់​អ្នកចូលរួម​ទាំងអស់​មិន​អាច​ត្រូវ​បាន​ធានា​។ ខណៈ​ដែល​បច្ចុប្បន្ន​ការ​ឆ្លង​មាន​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​ជាង ១៩៣,០០០​ករណី និង​មាន​អ្នក​ស្លាប់​សរុប ៩,០០៣​នាក់​៕ (ដកស្រង់​ចេញពី៖ BBC)

Read Entire Article