មន្ត្រី​អា​មេ​រិច​ថា ពន្លឺ​ថ្ងៃ កម្តៅ និង​សំណើម​អាចធ្វើ​ឲ្យ​វីរុស COVID-19 ចុះខ្សោយ​

5 months ago 71

​មន្ត្រី​អា​មេ​រិច បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា វីរុស COVID-19 ទំនងជា​នឹង​ចុះខ្សោយ​លឿន នៅពេល​វា​ត្រូវ​ពន្លឺព្រះអាទិត្យ កម្តៅ និង​សំណើម ដែល​នេះ​ជា​សញ្ញា​ដ៏​មាន​សក្តានុពល​ដែលថា វីរុស​នោះ​នឹងមាន​ការឆ្លង​រាលដាល​តិច​នៅក្នុង​ខែ​ក្តៅ​ខាងមុខ​។​

​ក្រុម​អ្នកស្រាវជ្រាវ​របស់​រដ្ឋា​ភិ​បាល​អា​មេ​រិច បាន​កំណត់ថា វីរុស​អាច​រស់នៅ​យ៉ាង​ល្អ​នៅពេល​យើង​នៅក្នុង​ផ្ទះ និង​ក្នុងស្ថានភាព​ស្ងួត ហើយ​វា​បាត់បង់​សក្តានុពល​នៅពេល សី​តុ​ណ្ហភាព និង​សំណើម​កើនឡើង ជាពិសេស​នៅពេល​វា​ត្រូវ​ពន្លឺព្រះអាទិត្យ​។ នេះ​ជាការ​បញ្ជាក់​របស់លោក William Bryan អនុប្រធាន​ស្ថា​ប័​ន្ធ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​អា​មេ​រិច​។​

​លោក​បាន​ថ្លែងប្រាប់​សេត​វិមាន​ថា “​វីរុស​ងាប់​យ៉ាង​លឿន​នៅពេល ​ត្រូវ​ពន្លឺព្រះអាទិត្យ​ដោយផ្ទាល់​”​។​

​ប៉ុន្តែ​វីរុស​នោះបាន​បង្ហាញ​ពី​គ្រោះថ្នាក់​ខ្លាំង​នៅ​ទីកន្លែង​ ដែលមាន​អាកាសធាតុ​ក្តៅ ដូចជា​នៅ​សិង្ហ​បុរី ដែល​ធ្វើ​ឲ្យ​មានការ​លើកឡើង​សំណួរ​ពី​ផលប៉ះពាល់​នៃ​កក្តា​បរិស្ថាន​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ការរកឃើញ​ថ្មី​គួរតែ​ត្រូវបាន​បកស្រាយ ​ដោយមាន​ការប្រុងប្រយ័ត្ន ប៉ុន្តែ​លោក​បាន​អះអាង​ពី​ការការពារ​ការលើកឡើង​មុន​ដែល​បង្ហាញថា វីរុស​កូ​រ៉ូ​ណា​អាច​នឹង​ថត​ចុះ ក្នុង​រដូវក្តៅ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ១៩០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២.៧០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​អា​មេ​រិច​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​ការផ្ទុះ​វីរុស​នេះ ដោយមាន​អ្នក​ឆ្លង​ជិត ៨៧០.០០០​នាក់ និង​ស្លាប់​ជិត ៥០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

Read Entire Article