មុននឹង​ទាញយក​កម្មវិធី​ណាមួយ​មក​ប្រើ ប្រយ័ត្ន​ប៉ះចំ​មេរោគ​

1 week ago 2

​ភ្នំពេញ​៖ មិនទាន់បាន​៣​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន Adobe ប្រកាសថា​នឹង​ស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​លុប​កម្មវិធី Flash Player ចេញពី​កុំព្យូទ័រ​របស់​ពួកគេ​នៅ​ដំណាច់​ឆ្នាំនេះ ស្រប​ពេលដែល​កម្មវិធី​នេះ​ត្រូវបាន​គ្រោង​នឹង​ឈានដល់​ទីបញ្ចប់​នៃ​ជីវិត (End-Of-Life) នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ផង ស្រាប់តែ​ក្រុមហ៊ុន​ផ្នែក​សុវត្ថិភាព​បច្ចេកវិទ្យា Intego បាន​រកឃើញ​មេរោគ Malware ដែល​បន្លំ​ខ្លួន (Trojan) ជា​កម្មវិធី Flash Player​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ២៤ ខែមិថុនា​ឆ្នាំ ២០២០​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​លើកឡើងថា Trojan ឬ Trojan Horse គឺជា​ពាក្យ​ដែល​គេ​ប្រើ​សម្រាប់​សម្គាល់​កម្មវិធី​ដែល​បន្លំ​ខ្លួន​ជា​កម្មវិធី​ត្រឹមត្រូវ ប៉ុន្តែ​តាមពិត​វា​ជា​កម្មវិធី​ដែលមាន​ផ្ទុកមេរោគ Malware ទៅវិញ​ទេ ហើយ​អ្វី​ដែលជា​បញ្ហា​កាន់តែ​ធំ​នោះ​គឺ កម្មវិធី​នេះ​អាច​ទាញ​យកបាន​តាមរយៈ​ការស្វែងរក​នៅក្នុង Google ទៀតផង ដូច្នេះ​វារឹតតែ​ពិបាក​ក្នុងការ​កំណត់ថា​តើ​តំណ​ទាញយក​មួយណា​នឹងមាន​ផ្ទុកមេរោគ​នោះទេ​។​

​ប្រព័ន្ធ​ប្រតិបត្តិការ MacOS ត្រូវបាន​អ្នកប្រើប្រាស់​ចាត់ទុកថា ជា​ប្រព័ន្ធ​ប្រតិបត្តិការ​មាន​សុវត្ថិភាព​ខ្ពស់ ព្រោះ​ដើម្បី​បញ្ចូល​កម្មវិធី​ណាមួយ​បាន អ្នកបង្កើត​កម្មវិធី​នោះ​ត្រូវតែ​ចុះឈ្មោះ​ជាមួយ​ក្រុមហ៊ុន Apple បើ​មិន​ដូច្នោះ​ទេ​អ្នកប្រើប្រាស់​ត្រូវតែ​បើក​ការអនុញ្ញាត​នៅក្នុង Settings របស់​កុំព្យូទ័រ​ជាមុនសិន​ទើប​អាច​បញ្ចូល​កម្មវិធី​នេះ​បាន​។ ប៉ុន្តែ​ទោះបីជា​មានការ​រឹតត្បិត​យ៉ាងនេះ​ក្ដី ក៏​មិនអាច​រាំងខ្ទប់​ពី​ការបញ្ចូល​កម្មវិធី​នេះដែរ ដោយ​កម្មវិធី​នេះ​វា​បង្ហាញ​ការណែនាំ​ដើម្បី​បញ្ចូល​កម្មវិធី​នេះ​ផង​។​

“​ដើម្បី​ជៀសវាង​ការទាញយក​កម្មវិធី​ដែល​បង្កប់​ជាមួយ​មេរោគ Malware នោះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​លោកអ្នក​ទាញយក​កម្មវិធី​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​។ ជា​ឧទាហរណ៍ ប្រសិនបើ​លោកអ្នក​ចង់​បញ្ចូល​កម្មវិធី Flash Player លោកអ្នក​អាច​ចូលទៅ​គេហទំព័រ​របស់​ក្រុមហ៊ុន Adobe ដើម្បី​ស្វែងរក​និង​ទាញយក​កម្មវិធី​នៅ​ទីនោះ​តែម្ដង​” នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕ ដោយ​៖​កូ​ឡាប​


Read Entire Article