​យុទ្ធសាស្ត្រ​​ខ្លះ​ៗ​​​ដែល​កីឡា​ល្បុក្កតោ និង​អុកចត្រង្គ​ រំពឹង​ដណ្ដើម​​​មេដាយ​ច្រើន

2 weeks ago 13

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​១៧​ដែល​កម្ពុជា​ប្រកាស​ជា​ផ្លូវការ​ធ្វើ​ជា​វិញ្ញាសា​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣ នៅ​ពេល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នោះ មាន​តែ​កីឡាល្បុក្កតោ និង​អុកចត្រង្គ​ប៉ុណ្ណោះ ដែល​កម្ពុជារំពឹង​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ ដោយសារកីឡា​ទាំង​ពីរ​ប្រភេទ​នេះ គឺជា​កីឡា​ថ្មី​នៅ​ក្នុងព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ហើយ​ជា​កីឡា​ប្រចាំ​ជាតិរបស់​កម្ពុជា ដែល​មាន​តែ​កម្ពុជា​គឺជា​អ្នកឯកទេស ។ យ៉ាងណាមិញ កម្ពុជា​ក៏​បាន​បង្កើន​យុទ្ធសាស្ត្រ​ត្រៀម​ទុកជា​មុន​ផង​ដែរ ដោយ​មិនមែន​សំអាង​ថា​គឺជា​កីឡា​ដែល​ត្រូវ​ឯកទេស​របស់​ខ្លួន ហើយ​ក៏​ប្រហែស​នោះ​ទេ​។

យោង​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​កម្ពុជា (CAMSOC) ឱ្យ​ដឹង​ថា បន្ទាប់​ពី​សម្រេច​កំណត់​យក​កីឡា​ប្រចាំ​ជាតិ​គឺ​ល្បុក្កតោ និង​អុកចត្រង្គ
បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន ក៏​បាន​មក​ហ្វឹកហាត់​ពី​ប្រភេទ​កីឡា​នេះ​ដែរ ដោយ​ខ្លះ​បញ្ជូន​កីឡាករ​-​កីឡាការិនី​មក​ហ្វឹកហាត់ ហើយ​ប្រទេស​ខ្លះ​ទៀត ក៏​បាន​ស្នើ​អ្នកឯកទេស​ពី​កម្ពុជា ឱ្យទៅ​ហ្វឹកហាត់​ដល់​ប្រទេស​ទាំងនោះ​ដោយ​ផ្ទាល់​ផង​ដែរ ។ មានការ​បញ្ជាក់​ថា កីឡាករ​នៃ​ប្រទេស​មួយ​​ចំនួន​ដែល​សម្ងំ​ហ្វឹកហាត់​ល្បុក្កតោ និង​អុកចត្រង្គ ក៏​ក្រេបជញ្ជក់​ចំណេះ​ជំនាញ​បាន​ល្អ​មិន​ចាញ់​កម្ពុជា ដែល​ជា​ម្ចាស់​កីឡា​នោះ​ដែរ ដោយសារ​កីឡាករ​ដែល​ប្រទេស​ទាំងនោះ​បញ្ជូន​មក​ហ្វឹកហាត់ ឬ​ឱ្យ​ហ្វឹកហាត់ ក៏​សុទ្ធតែ​ជា​អ្នកឯកទេស​ក្បាច់គុន​ដែល​ស្រ​ដៀង​នឹង​ល្បុក្កតោ និង​អុកចត្រង្គ ពោល​គឺ​អុក​អន្តរជាតិ​ផង​ដែរ ។

ដូច្នេះ​ហើយ​ទើប​កីឡាករ​កម្ពុជា​មិន​អាច​ប្រហែស​ថា នេះ​ជា​ជំនាញ​របស់​ខ្លួន​ហើយ​ក៏​មើល​ស្រាល​គូប្រកួត​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​គេ​នៅ​តែ​មើលឃើញ​ថា កីឡា​ទាំង​ពីរ​នឹង​មានឱកាស​ដណ្ដើម​​មេដាយមាស និង​មេដាយ​សំខាន់​ៗ​បាន​ច្រើន ដោយសារ​តែ​ហេតុផល​ថា ក្នុង​ចំណោម​កីឡាករ​ល្បុក្កតោ និង​អុកចត្រង្គ កម្ពុជា​សុទ្ធតែ​ជម្រើស​យក​ធនធាន​ល្អ​ៗ ខ្លាំង​ៗ​របស់​ខ្លួន​ឱ្យ​ប្រកួត ។

ប្រភព​ពី​សហព័ន្ធ​ទាំង​ពីរ​បាន​អះអាង​ថា មក​ទល់​ពេល​នេះ ធនធាន​ខ្លាំង​ៗ​របស់​កីឡាករ ល្បុក្ក​តោ និង​អុកចត្រង្គ ត្រូវ​បាន​បង្វឹក​យ៉ាង​យកចិត្តទុកដាក់ ដោយ​ធនធាន​ទាំងនោះ​ក៏​មាន​ថវិកា​ឧបត្ថម្ភ​ច្បាស់លាស់ ដើម្បី​ជំរុញ​កម្លាំងចិត្ត​។

ម្យ៉ាង​វិញ្ញាសា​ល្បុក្កតោ និង​អុកចត្រង្គ តាម​ការ​សន្និដ្ឋាន​បណ្ដា​ប្រទេស​នៅ​អាស៊ាន ដែល​បាន​បញ្ជូន​កីឡាករ​មក​ហ្វឹកហាត់ និង​ស្នើ​ឱ្យ​អ្នកជំនាញ​ពី​កម្ពុជា​ទៅ​បង្វឹក គឺ​មាន​តែ​ចំនួន​តិច​ប្រទេស​ប៉ុណ្ណោះ ខណៈ​ដែល​វិញ្ញាសា​ទាំង​ពីរ​ត្រូវ​គេ​ប៉ាន់​ស្មានថា ប្រទេស​ទាំង​១១​នឹង​មិន​ដាក់​កីឡាករ​ឱ្យ​ប្រកួត​គ្រប់​ប្រទេស ហើយ​បើ​មាន​ក៏​អាច​ថា​គ្រាន់តែ​ដាក់​បង្គ្រប់កិច្ច ដែល​នៅ​តែ​អាទិភាព​សម្រាប់​កម្ពុជា ។ ម្យ៉ាង ការ​បង្កើត​វិញ្ញាសា និង​លក្ខន្តិកៈ ក៏​សុទ្ធតែ​សម្រប​តាម​ជំនាញ​របស់​កីឡា​កម្ពុជា ដែល​នៅ​តែ​កីឡាករ​កម្ពុជា​មាន​ប្រៀប​ជាង ។ លោក​នៅ​តែ​រំពឹង​ថា​កីឡា​ប្រចាំ​ជាតិ​របស់​កម្ពុជា​ចំនួន​២ គឺ​ល្បុក្កតោ និង​អុកចត្រង្គ នឹង​លេចធ្លោ​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដោយសារ​តែ​ហេតុផល​ខាងលើ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែង​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ម្ចាស់ផ្ទះ​មាន​សិទ្ធិ​ដាក់​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ជាងគេ ជា​ពិសេស​គឺ​កីឡា​ប្រចាំ​ជាតិ​របស់​ខ្លួន ទើប​លោក​យល់​ថា ការ​ដាក់​កីឡា​ល្បុក្កតោ និង​កីឡា​អុកចត្រង្គ គឺ​អ្វី​ដែល​កម្ពុជា​រំពឹង​ច្រើន សម្រាប់​វិស័យ​មួយ​នេះ ។ អគ្គលេខាធិការ​CAMSOC រូប​នេះ​បន្ថែម​ថា ក្រៅពី​កីឡា សក្តានុពល​ទាំង​១៧​ប្រភេទ​ខាងលើ ក៏​មាន​ប្រភេទ​កីឡា​ត្រៀម​ដាក់​បញ្ចូល និង បម្រុង​ដាក់​បញ្ចូល​ជា​ច្រើន​ទៀត​ផង​ដែរ ដោយ​គ្រាន់តែ​កម្ពុជា​កំពុង​ពិចារណា​ថា ជ្រើស​យក​កីឡា​ណា​បន្ថែម​ទៀត ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​អាច​មានឱកាស​ដណ្ដើម​យក​មេដាយ ។

លោកអះអាង​ថា ទាំង​ប្រភេទ​កីឡា​ត្រៀម​ដាក់​បញ្ចូល និង​បម្រុង​ដាក់​បញ្ចូល សុទ្ធតែ​អាច​មាន​លទ្ធភាព ក្នុង​ការ​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ បើ​កីឡា​ទាំងនេះ អាច​មាន​សក្តា​នុ​ពល​គ្រប់គ្រាន់​ក្នុង​ការ​ដណ្តើម​មេដាយ ។ លោក​ថា ចំណាត់ថ្នាក់​ទី​១ ជា​ក្រុម​ដែល​ត្រូវ ដាក់​ចូល (​មាន​១៧​ប្រភេទ​), ចំណាត់ថ្នាក់​ទី​២ ជា​ក្រុម​ដែល​ត្រៀម​ដាក់​បញ្ចូល​(​មាន​១៥​ប្រភេទ​)​និង​ចំណាត់ថ្នាក់​ទី​៣​ជា​ក្រុម​បម្រុង​ដាក់​ចូល​(​មាន​១៣​ប្រភេទ​) ។

លោក​ថា កីឡា​ទាំង​១៧​ប្រភេទ​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទាំងនោះ​រួម​មាន អត្តពលកម្ម​, ហែល​ទឹក​, ប៉េតង់​, ជឺ​ជិត​ស៊ូ​, តេ​ក្វា​ន់​ដូWTF, ម៉ូតូ​ទឹក​, វ៉ូ​វី​ណា​ម​, ប្រដាល់​គុន​ខ្មែរ​, ល្បុក្កតោ​, អុកចត្រង្គ​, ចំបាប់​, តេ​ក្វា​ន់​ដូ ITF, សូ​ហ្វ​តិ​ន្នី ស​, ប្រដាល់សកល​, វាយ​កូន​បាល់​, និង​សីដក់់ (​ឈិ​ន​ឡូ​ន​)​ជាដើម ។ មក​ទល់​ពេល​នេះ កីឡាករ​ម្នាក់​ៗ​កាន់តែ​បង្កើន​ការ​ត្រៀមខ្លួន​។

ដោយឡែក​សម្រាប់​កីឡា​ដែល​ស្ថិត​ក្នុង​ការ​ត្រៀម​ដាក់​បញ្ចូល​រួម​មាន កីឡាករ​វាយ​សី​, កា រ៉ា​តេ​, គុន​ដាវ​, ប្រណាំង​កង់​, វាយ​កូន​ឃ្លី​លើ​តុ​,ទ្រី​យ៉ា​ត្លុង​, ទូកក្តោង​, កាយសម្ព័ន្ធ​, ជិះសេះ​,បាល់បោះ​, បាល់ទះ​, យូ​ដូ​, រាំ​, វាយកូនគោល និង​ទូក​កា​នូ និង រូ​វី​ង ។ កីឡា​បម្រុង ដាក់​បញ្ចូល​រួម​មាន កីឡា​អេ​ឡិច​ត្រូ​និក (E-Sport), លើក​ទម្ងន់​, វូ ស៊ូ​, សូ​រិ​ន​ហ្សី​កាំ​ប៉ូ​, អុក​ចិន​, បញ្ច សីលា​, បាញ់​ធ្នូ​, បាញ់​កាំភ្លើង​, ហុ​ក​គី​, ប៊ី​យ៉ា និង​ស្នូកឃ័រ​, បាល់ឱប​, បេ​ស្ប​ល​និង​កីឡា ឡើង​ភ្នំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Read Entire Article