របរ​ចិញ្ចឹមសត្វ​ចង្រឹត អាច​រកប្រាក់​កម្រៃ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​មួយកម្រិត

1 month ago 7

ភ្នំពេញ​៖ ក្នុង​បរិបទ​កូ​វីដ ១៩ នេះ មុខរបរ​ចិញ្ចឹមសត្វ​ចង្រឹត បាន​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ប្រជាកសិករ​មួយចំនួន​ផងដែរ​។ ចង្រឹត​ជា​ប្រភេទ​សត្វ ដែល​ងាយស្រួល​ថែទាំ​ជាង​សត្វ​ផ្សេងៗ​ទៀត ព្រោះថា​ការចិញ្ចឹម គ្រាន់​តែមាន​អាង និង​ទិញ​ពូជ​ជាការ​ស្រេច ហើយ​រៀបចំ​សំបុក ដោយ​យក​ក្រដាស​កេះ​ដែល​គេ​ដាក់​ពងមាន់ ឬ​ពង​ទា​ឱ្យបាន​ច្រើន​ទុក​នៅ​អាង រួច​យក​កូន​ចង្រិត ដែល​បាន​ទិញ​មក​ដាក់​ក្នុង​អាង​ជាការ​ស្រេច​។​

​វិធី​ចិញ្ចឹម​ចង្រឹត​គេ​អាច​ចិញ្ចឹម​ក្នុង​អាង ឬក៏​ទ្រុង​។ ចំពោះ​ទំហំ​អាង​ចង្រឹត គេ​អាចធ្វើ​ចាប់ ពី​៣​ម៉ែត្រការ៉េ ឡើងទៅ ព្រោះ​ទំហំ​នេះ អាច​ផល​ចង្រឹត​បាន ១០​គីឡូក្រាម​។ រីឯ​កម្ពស់​ត្រូវធ្វើ​ចាប់ពី ៧​តឹក​ឡើង ហើយ​ត្រូវ​បិទ​ស្គ​ត់​នៅ​មាត់​អាង​ដើម្បី​កុំ​ឲ្យ​ចង្រឹត​លោត​ចេញ​។ ការ​សាង​ដំបូល​រោង​គេ​ធ្វើ​ពី​ស្លឹក ឬ​ស័ង្កសី ហើយ​ត្រូវ​សង់​ឲ្យ​ខ្ពស់​ពីលើ​អាង ដើម្បី​ការពារ​កុំ​ឲ្យ ចង្រឹត​ក្តៅ​ក្នុង​អាង​។

​បន្ទាប់មក​គេ​អាចដាក់​ចំណី​ផ្សេងៗ​ដែល​ម៉ត់​ដើម្បី​ឲ្យ​កូន​ចង្រឹត ស៊ី​រួមមាន ចំណី​កូន​មាន់ កន្ទក់ ឬ​ស្លឹក​រុក្ខជាតិ​ខ្ចីៗ ដូចជា​ស្លឹក​បាស ស្លឹក​ផ្ទី ត្រកួន ល្ពៅ​ជាដើម​។​ល​។ ហើយ​អ្នក​ចិញ្ចឹម​ត្រូវ តែ​ប្រយ័ត្ន​ចំពោះ​ស្ពៃ​មួយចំនួន​អាចធ្វើ​ឲ្យ​ចង្រឹត​ងាប់ ដូចជា​ស្ពៃ​ដែល​ហិល ស្ពៃ​ខ្មៅ ព្រោះ វា​មាន​ជាតិ​ហាង ហើយនឹង​ស្ពៃ​ខ្លះទៀត​ដែលមាន​ជាតិគីមី​។ រយៈពេល​មួយ​សប្តាហ៍​ចង្រិត​ចាប់ផ្តើម​ញាស់ ។ នៅពេលដែល​ចង្រិត​ញាស់​ហើយ គឺ​ត្រូវ​ចាប់ផ្តើម​ដាក់​ចំណី និង​បាញ់​ទឹក​តិចៗ ពីលើ​មួយថ្ងៃ​បី​ដង​។ ត្រូវធ្វើ​សំណាញ់​បិទ​ជុំវិញ ដើម្បី​ការពារ​កណ្តុរ មាន់ ទា និង​សត្វ​ផ្សេងៗ​ចូល​។ ការចិញ្ចឹម​ចង្រិត មាន​ពីរ​ប្រភេទ​គឺ​ចង្រិត​ក្រហម និង​ចង្រិត​ខ្មៅ ហើយ​មាន​រយៈពេល​ចាប់ពី​៣៥​ថ្ងៃ​រហូត​៤៥​ថ្ងៃ គឺ​គិត​ចាប់ពី​ពេល​ញាស់ រហូតដល់​ថ្ងៃ​ទទួលផល​។

​ប្រជាកសិករ​ចិញ្ចឹមសត្វ​ចង្រឹត អ្នកស្រី ជុំ សារ៉ាត់ រស់នៅ​ភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា មុខរបរ​ចិញ្ចឹមសត្វ​ចង្រឹត​នេះ បាន​កែប្រែ​ជីវភាព​របស់គាត់​មួយកម្រិត​។ អ្នកស្រី​បាន​ប្រកប​របរ​ចិញ្ចឹមសត្វ​ចង្រឹត​នេះ រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ ដោយ​ក្នុង​កសិដ្ឋាន​របស់​អ្នកស្រី​មាន​អាង​ចិញ្ចឹមសត្វ​ចង្រឹត​ចំនួន​១០​អាង ដោយ​ក្នុង​មួយ​អាង​អាច​ទទួលផល​ចំនួន​១០០​គីឡូក្រាម​។

​គួរ​បញ្ជាក់ថា បើតាម​ប្រជាកសិករ ចង្រឹត​ដែល​បំពង​ហើយ លក់​ក្នុង​មួយ​គី​ឡួ​ក្រាម ថ្លៃ​មួយ​ម៉ឺន​រៀល ដោយ​អ្នក​ទទួលទាន បាន​អះអាងថា ចង្រឹត​ដែល​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ហូប​ទៅ​ឈ្ងុយឆ្ងាញ់​ជាប់មាត់​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

Read Entire Article