លី​គ​បាល់ទាត់​ថៃ​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែកញ្ញា

1 week ago 4

ថៃ ៖ សមាគម​កីឡាបាល់ទាត់​ថៃ (FAT) បាន​និយាយ​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា​ថា រដូវ​កាល​នៃ​លី​គ​ថៃ​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ។

លោក Somyot Poompunmuang ប្រធាន FAT បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលវិភាគ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ប្រតិបត្តិ នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ ។

សូម​បញ្ជាក់​ថា លី​គ​កំពូល​ថៃ (Thai League 1, 2) រដូវ​កាល​នេះ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៤​ស​ប្តា​ហ៍​ប៉ុណ្ណោះ ដោយសារ​តែ​ការ​គំរាម​គំ​ហែង​ពី​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នេះ ។

ក្រុម Bangkok United និង Ratchaburi គឺជា​ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​មាន ១២ ពិន្ទុ​ស្មើគ្នា និង​បាន​នាំមុខ ២​ពិន្ទុ​លើ​ក្រុម Port FC និង BG Pathum United ដែល​មាន ១០​ពិន្ទុ​ដូច​គ្នា ។ ក្រុម​កំពូល​ទាំង ៤ នៅ​ពាក់កណ្តាល​រដូវ​កាល នឹង​មាន​សិទ្ធិ​ចូលរួម​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Champions League នៅ​ឆ្នាំ​ក្រោយ ។

ដោយឡែក​ក្រប​ខណ្ឌ Thai League 2 ក៏​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ ។

ចំណែកឯ​ការ​ប្រកួត​ពា​រង្វាន់ FA Cup នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា​ខាង​មុខ​ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ។ ខណៈ​ដែល​ពានរង្វាន់ League Cup នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែតុលា ហើយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​ប្រធាន​គ្រប់គ្រង Thai League កាលពី​ថ្ងៃ​ពុធ ក៏​បាន​បញ្ជាក់​ថា នឹង​ដើរ​តាម​ដំបូន្មាន​នៃ​ក្របខ័ណ្ឌ Bundesliga របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​រៀបចំ​សកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ ដោយ​បិទទ្វារ​កីឡដ្ឋាន រួម​ជាមួយ​ការ​អនុវត្ត​វិធានការ​ដ៏​តឹង​រឹង​មួយ​ចំនួន​ផង​ដែរ ៕ (ដកស្រង់​ចេញពី Bangkok Post)

The post លី​គ​បាល់ទាត់​ថៃ​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ខែកញ្ញា appeared first on Koh Santepheap Daily.

Read Entire Article