លោកកឹម សុខា អះអាងថាមានអ្នកខ្លះប្រឹងរុញច្រានឲ្យលោកចូលក្នុងអន្ទាក់

1 month ago 31

រាជធានីភ្នំពេញ៖ ក្រោយស្ងាត់ស្ងៀមមួយរយៈមិនបាននិយាយអ្វីពាក់ព័ន្ធនយោយបាយក្រៅតែពីធ្វើដំណើរចុះតាមខេត្តមួយចំនួនដើម្បីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមកនោះ នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក​ កឹម សុខា អតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានទម្លាយសារចេញមកថារូបលោកដឹងច្បាស់ថាអ្វីដែលលោកអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះប្រឹងរុញច្រានឲ្យគាត់ចូលក្នុងអន្ទាក់គេក៏ដោយ តែលោកនៅតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ ។

លោក កឹម សុខា បានបង្ហោះសារលើផេកហ្វេសប៊ុករបស់លោកនាថ្ងៃអង្គារទី០១ ខែធ្នូ ឆ្នាំ២០២០ ថា «ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា»។


លោកបានបន្តថា «ក្នុងកាលៈទេសៈនេះ ខ្ញុំដឹងច្បាស់ថា ខ្ញុំមិនមានសិទ្ធិ សេរីភាពពេញលេញចង់ធ្វើអ្វី ចង់និយាយស្តីអ្វី ដើម្បីជាប្រយោជន៍ឲ្យបានច្រើនសម្រាប់មាតុភូមិកម្ពុជា សង្គមខ្មែរ និង ប្រជាពលរដ្ឋខ្មែរជាទីស្រឡាញ់របស់ខ្ញុំឡើយ ក៏ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន ដោយមិនរំលោភច្បាប់ទម្លាប់ត្រឹមត្រូវ ឬ មិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ ខ្ញុំព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ ទោះបីមានសមត្ថកិច្ចនៅកន្លែងខ្លះបានសហការណ៍ល្អបង្ករលក្ខណៈងាយស្រួល និងកន្លែងខ្លះទៀតមានការតាមដាន ឃ្លាំមើល ថតរូប ថតសម្លេង សូម្បីតែក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពឯកជនជាមួយក្រុមគ្រួសារ កន្លែងស្នាក់នៅ និងពេលទៅធ្វើចម្ការផ្ទាល់ខ្លួនរបស់ខ្ញុំក៏ដោយ» ។​

លោក កឹម សុខា អ្នកនយោបាយដែលនៅតែជាប់បណ្តឹងនៅតុលាការពីបទ «ក្បត់ជាតិ»  បានបន្ថែមទៀតថា «ខ្ញុំក៏ដឹងច្បាស់ថាអ្វីដែលខ្ញុំអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះប្រឹងរុញច្រានឲ្យខ្ញុំចូលក្នុងអន្ទាក់គេក៏ដោយ ខ្ញុំនូវតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្កជម្លោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ​ និងប្រទេសជាតិខ្លួនឡើយ ។​ ខ្ញុំបានកំណត់ហើយថា​ «ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូនរបស់ខ្ញុំ»​ ហើយ «ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់»​ ដែលខ្ញុំមិនអាចបោះបង់ និងមិនគាំទ្រអ្នកណាដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ»។



លោក កឹម សុខា ក៏បាននិយាយថាឲ្យដឹងថាក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ ដែលលោកអាចធ្វើដំណើរទៅតាមមូលដ្ឋានខ្លះ​ ដើម្បីចូលរួមក្នុងពិធីទំនៀមទម្លាប់ប្រពៃណី សាសនាខ្មែរ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងបានស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិដោយផ្ទាល់ គឺកាន់តែធ្វើឲ្យខ្ញុំអាណិត ស្រឡាញ់ និងដឹងគុណបំផុតចំពោះមាតុភូមិកម្ពុជា និងបងប្អូនជនរួមជាតិខ្មែរ​ មិនអាចបោះបង់បានឡើយ។​ ទឹកដីយើង មានភូមិសាស្ត្រ​ និងធនធានធម្មជាតិអំណោយផលល្អណាស់ ឲ្យតែយើងគ្រប់គ្រងបានត្រឹមត្រូវ មិនបំផ្លិចបំផ្លាញ រីឯប្រជាពលរដ្ឋខ្មែរភាគច្រើនជាទូទៅមានទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់ បើយើងមិនលើកទឹកចឹត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយ ឯករាជ្យភាព ដោយសុខដុមរមនា និងដោយវឌ្ឍនៈភាពសម្រាប់ខ្មែរដូចគ្នា» ៕

Read Entire Article