លោក កឹ​ម សុខា ៖ ទោះបី​មិន​អុំទូក ក៏​យើង​អកអំបុក ចេក​ហូប​ជុំ​គ្នា

1 month ago 16

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ទោះបី​មិន​មាន​ពិធី​អុំទូក​ក៏​ដោយ ក៏​យើង​អាច​ជុំ​គ្នា​ហូប​អំបុក​ជាមួយ​គ្នា​បាន​។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០​ថា ៖ «​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ ពេល​នេះ​ជា​ឱកាស​បុណ្យអុំទូក សំពះ​ព្រះ​ខែ អកអំបុក ទោះបី​ឆ្នាំ​នេះ យើង​មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ក៏​ដោយ ប៉ុន្តែ​ថ្ងៃនេះ​ដែរ បងប្អូន​ពុទ្ធបរិស័ទ​ខ្មែរ​យើង​នៅ​ទី​នេះ ក៏​បាន​យក​អំបុក ចេក ដូង មក​ពិសារ​ជុំ​គ្នា​ជាមួយ​ខ្ញុំ និង​សហការី ហើយ​ក៏​បាន​វេច​ខ្ចប់​ផ្ញើ​មក​ជូន​ភរិយា​ខ្ញុំ សម្រាប់​ធ្វើ​ពិធី​អកអំបុក ក្នុង​ពេល​ខែពេញបូណ៌មី​ផង​ដែរ​»​។

លោក​បន្ត​ថា មុន​នឹង​ត្រឡប់​មក​វិញ ខ្ញុំ​ក៏​បាន​ចូល​ទស្សនា ដុត​ធូប​នៅ​ប្រាសាទ​ក្រពុំ​ឈូក​ផង​ដែរ​។ ខ្ញុំ​មាន​មោទនភាព និង​អរគុណ​ណាស់​នូវ​សន្តាន​ចិត្តជា​ភាត​រៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិស​ទី ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹតតែ​មិន​ចង់ និង​មិន​ត្រូវ​ឃ្លាតឆ្ងាយ​ពី​បងប្អូន​ឡើយ​។

លោក​ថា «​ថ្ងៃនេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្តព្រះវិហារ ដោយ​នាំ​យក​ឧបករណ៍​សូ​ឡា​(​អគ្គិ​សនី​ពន្លឺព្រះអាទិត្យ​) មក​ប្រគេន​ព្រះសង្ឃ​សម្រាប់​ប្រើប្រាស់​ក្នុង​វត្ត ដែល​ស្ថិត​ក្នុង​ព្រៃ​ដាច់​ស្រយាល មិន​ទាន់​មាន​ភ្លើងអគ្គិសនី​រដ្ឋ​ត​ចូល​ដល់ តាម​សំណើរ​របស់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ដែល​បាន​ស្នើ​ខ្ញុំ​យូរណាស់​មក​ហើយ ទើបតែ​ថ្ងៃនេះ ខ្ញុំ​មានឱកាស​យក​មក​ប្រគេន​។ ហើយ​ខ្ញុំ​ក៏​បាន​យក​ពូជ​ដូងក្រអូប ប្រគេន​ព្រះសង្ឃ​សម្រាប់​ដាំ​ក្នុង​វត្ត និង​ចែក​ជូន​ពុទ្ធបរិស័ទ​ជើងវត្ត​ខ្លះ​ដែរ​។

ក្នុង​ឱកាស​នេះ​ដែរ បន្ថែម​ពី​ការ​ប្រគេន​ទេយ្យទាន​ចំពោះ​ព្រះសង្ឃ​ផ្ទាល់ ខ្ញុំ​ក៏​បាន​ផ្តល់​នូវ​ជំនួយ​មនុស្សធម៌​របស់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស មាន​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ខ្លាំង​ចំនួន​១០០​គ្រួសារ តាម​រយៈ​ព្រះសង្ឃ​នៅ​ទី​នេះ​ផង​ដែរ​៕

Read Entire Article