(អាមេរិក)៖ អាជ្ញាធរនៅរដ្ឋ Utah នៃភាគអាគ្នេយ៍សហរដ្ឋអាមេរិក បានកើតមានការងឿងឆ្ងល់ ក្រោយពីបានប្រទះឃើញសសរលោហៈចម្លែកមួយ នៅឯទីរហស្ថានក្នុងតំបន់ Red Rock កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មាន Live Science នាថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមការងារមួយក្រុមមកពីការិយាល័យសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah បានប្រទះឃើញវត្ថុចែងចាំងម៉្យាង នៅទីតាំងខាងលើ កំឡុងពេលជិះឧទ្ធម្ភាគចក្រ ដើម្បីរាប់ចំនួនអម្បូរសត្វពពែភ្នំ Bighorn Sheep នៅម្តុំតំបន់នោះ។ ពួកគេក៏បានចុះចតឧទ្ធម្ភាគចក្រ ដើម្បីទៅពិនិត្យវត្ថុចម្លែកនោះឲ្យកៀក។ ជាលទ្ធផល ក្រុមការងារនោះហាក់មិនបានកត់សម្គាល់ឃើញអ្វីពិសេស ក្រៅតែពីជាសសរដែករាងចតុកោណកែងធម្មតាមួយ ដែលមានកម្ពស់ប្រហែល ៣-៣.៦ម៉ែត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពាក់ព័ន្ធការរកឃើញសសរលោហៈនោះ មនុស្សភាគច្រើនបាននឹកដល់សសរចតុកោណកែងចម្លែកមួយ ក្នុងខ្សែភាពយន្ត 2001: A Space Odyssey ដែលនៅក្នុងភាពយន្ត វាហាក់ដើរតួនាទីជាកត្តាជំរុញឲ្យមានការវិវត្តយ៉ាងឆាប់រហ័ស នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោកយើង។ ដូច្នេះហើយសសរលោហៈនៅរដ្ឋ Utah ត្រូវគេយល់ឃើញថា ប្រហែលជាត្រូវបានបង្កើតឡើងដោយអ្នក ដែលស្រឡាញ់ចូលចិត្តខ្សែភាពយន្ត Space Odyssey ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺសសរនៅក្នុងខ្សែភាពយន្ត និងសសរនៅរដ្ឋ Utah មិនដូចគ្នាទាំងស្រុងទេ។
ទោះជាយ៉ាងណាក្តី អាជ្ញាធរដ្ឋ Utah បានសម្រេចមិនឲ្យមហាជនដឹង ពីទីតាំងជាក់លាក់ដែលរកឃើញសសរលោហៈខាងលើឡើយ ហើយនឹងពិចារណាថា តើគួរបន្តការស៉ើបអង្កេតវែងឆ្ងាយ តទៅមុខទៀតដែរឬអត់។ អាជ្ញាធររដ្ឋ Utah បានសង្កត់ធ្ងន់ថា ការសង់ឬដំឡើងសំណង់អ្វីមួយ ដោយគ្មានការអនុញ្ញាត នៅលើដីរដ្ឋាភិបាលគ្រប់គ្រង គឺជាទង្វើខុសច្បាប់ ទោះបីអ្នកមកពីភពណាក៏ដោយ៕