វាសនា​បឹង​តា​មោក៖ អនាគតក្លាយ​ជា​អ្វី?​

1 month ago 16

រាជធានី​ភ្នំពេញ ៖ បឹង​តា​មោកហៅ​បឹង​កប់​ស្រូវ អាច​នឹង​បាត់​រូបរាង​នៅ​ពេល​អនាគត​ដោយសារ​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ ដែល​ផ្នែក​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ហុ​៊​ន​ឯកជន និង​រដ្ឋ​ចាក់​ដី​លុប បន្ទាប់​ពី​ទទួល​បាន ស​.​ជ​.​ណ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់​ឲ្យ​ដើម្បី​អភិវឌ្ឍន៍ ។ រីឯ​ផ្នែក​មួយ​ចំនួន​ទៀត ត្រូវ​បាន​រំលោភ​យក​ដោយ​អ្នកមាន​អំណាច យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ព្រោះតែ​ដី​នៅ​តំបន់​នោះ​កំពុង​មាន​ហាងឆេង​ខ្ពស់ ទោះបី​ត្រូវ​ចាក់​ដី​លុប​ក្តី​។

បឹង​តា​មោក​ហៅ​បឹង​កប់​ស្រូវ ជា​បឹង​ធម្មជាតិ​មួយ​លាតសន្ធឹង​ក្នុង​ទំហំ​ជិត​៤​ពាន់​ហិត​តា មាន​ព្រំប្រទល់​ខាងត្បូង​ជាប់​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខាងលិច​ជាប់​សង្កាត់​ព​ន្សាំ​ងផ្នែក​ខាងជើង​ជាប់​ផ្លូវ​លេខ​១៥១ សង្កាត់​ពញាពន់ និង​ផ្នែក​ខាងកើត​ជាប់​នឹង​សង្កាត់​សំរោង​និង​សង្កាត់​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

នៅ​កំឡុង​ឆ្នាំ​២០១០ គេ​នៅ​ចាំ​បាន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ចំណែក​បឹង​ដ៏​តូច​មួយ​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ដើម្បី​ឲ្យ​ក្រុមហ៊ុន មួយ​ធ្វើការ​អភិវឌ្ឍន៍​ជា​កន្លែង​លំហែ​កាយ​គឺ«​តំបន់​ឡុ​ង ឈិ​ន​» ។ លុះ​ក្រោយមក រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ឯកឧត្តម លឹ​មគាន​ហោ បាន​ដឹកនាំ​កម្លាំង​វាយ​កម្ទេច​ចោល ដោយ​ចោទ​ថា​ជា​ការ​រំលោភ​យក​ដី​បឹង​កប់​ស្រូវ ។

ទោះបីជា​យ៉ាងណា ផ្ទៃ​បឹង​មួយ​ផ្នែក​នៅ​អតីត​«​តំបន់​ឡុ​ង ឈិ​ន​»​នោះ​មិន​បាន​រក្សា​ឲ្យ​នៅ​គង់វង្ស​ទុកជា​សម្បត្តិ​រដ្ឋ​នោះ​ទេ ហើយ​ប​ច្ចុប្បន្ន ក៏​បាន​ក្លាយទៅជា​កម្មសិទ្ធិ​របស់​អ្នក
មាន​អំណាច​ខ្លះ​ដែល​មួយ​ភាគ​ធំ​សុទ្ធ​សឹង​ជា​ឧត្តមសេនីយ៍​យោធា​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិដោយ​ធ្វើ​ជា​ភូមិ​គ្រឹះ​(​ផ្ទះ​វីឡា​)​អស់​ទៅ​ហើយ គី​ស្រប​ខាងលិច​ផ្លូវ និង​ស្ពាន​ឡុ​ង ឈិ​ន នោះ​ចាប់ពី​កែង​មហាវិថី​ឈ្នះ ឈ្នះ រហូត​ដល់​ផ្លូវ​លេខ​១៥១ ។ ត្រូវ​បាន​មហាជន​និយាយ​ថា មិន​ខុស​ពី​បង្ខំ​យក​ពី​ក្អែក ចែក​ឱ្យ​តា​វ៉ៅ​ឡើយ​…​ហេ ! ហេ !

តាម​មន្ត្រី​អាជ្ញាធរ​បាន​ទម្លាយ​ឲ្យ​ដឹង​ថាអតីត​«​តំបន់​ឡុ​ង ឈិ​ន​»​តែ​មួយ​ផ្នែក​តូច ប៉ុណ្ណោះ​បាន​ក្លាយជា​កម្មសិទ្ធិ​របស់​រដ្ឋ​នៅ​ពេលនេះ ហើយ​ការ​កាយ​ដី​ដែល​ចាក់​លុប​បឹង​កប់
ស្រូវ​នោះ ហាក់ដូចជា​កាយ​ចេញ​តិចតួចណាស់ ឯ​ក្រៅពី​នោះ​ធ្លាក់​ទៅ​លើ​ដៃឯក​ជន​រំ
លោភ​យក​អស់ហើយ​។ នៅ​កំឡុង​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​បឹង​តា​មោក​ហៅ​បឹង​កប់​ស្រូវ ដោយ​ទុក​ពាក់កណ្តាល​ធ្វើ​ជា​អាង​ស្តុក​ទឹក និង​ពាក់កណ្តាល​ធ្វើការ​អភិវឌ្ឍ ។ ទន្ទឹម​នោះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចាក់​ដី​ធ្វើ​ផ្លូវ​៦០​ម៉ែត្រ​ពុះ​ចែក​ផ្ទៃ​បឹង​ជា​ពីរ​ផង​ដែរ ។

ដោយសារ​តែ​គម្រោង​នេះ ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ជុំវិញ​បឹង​តា​មោក​ហក់​ឡើង​ខ្ពស់ ហើយ​ឈ្មួញ​និង​អ្នកមាន​អំណាច ខ្លះ​អ្នកមាន​លុយ ទន្ទ្រាន​កាន់កាប់​ផ្ទៃ​បឹង​តា​មោក តាម​រយៈ​ការ​ទិញ​ពី​ប្រជា​ពលរដ្ឋ​ដែល​អាស្រ័យ​ផល ហើយ​វាតទី​បោះបង្គោលលក់​បឹង​ត​ៗ​គ្នា ដោយ​ពុំ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរឡើយ ។ ស្រប​ពេល​នោះ​ដែរ ផ្ទៃ​បឹង​ប្រមា​ណ​២០​ហិត​តា ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុ​ល​ហ៊ុន​មួយ ដើម្បី​អភិវឌ្ឍន៍​ធ្វើ​ជា​ផ្សារ​បន្លែ ក្នុង​វត្ថុបំណង​យក​ផ្សារ​បន្លែ​នៅ​ផ្សារ​ដើម​គម​ក​ដាក់​នៅ​ទីតាំង​នេះ តែ​គម្រោង​នោះកំពុង​តែ​អភិវឌ្ឍន៍​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ។

ក្រៅពី​នោះ ក៏​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ចំនួន និង​ក្រសួង មន្ទីរ អង្គភាព​រដ្ឋ​មួយ​ចំនួន​ធ្វើការ​អភិវឌ្ឍ ។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ពី​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​អភិវឌ្ឍន៍​ពិត​ប្រាកដ​ឡើយ ។ ដោយឡែក ដី​បឹង​ចំនួន​២០​ហិ​កតា​ត្រូវ​បានរាជរដ្ឋាភិបាល​ដកហូត​ពី​លោក លន់ ហាក់ និង​លោក ឈុ​ន ចាន់​ធី ត្រឡប់​មក​វិញ​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ថែម​ពីលើ​ការ​ដកហូត​មុន​នេះ​ចំនួន​៣០​ហិ​កតា ។

ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​តាម​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ ២០២១ ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។ ដី​នោះ​ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​សាងសង់​អាគារ​កម្ពស់​៣​ជាន់ និង​បំពាក់​គ្រឿង​បរិក្ខារ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ដោយ​ចង់​ដឹង​ពី​ស្ថានភាព​បឹង​តា​មោក រយៈពេល​២​ថ្ងៃ​គី​ព្រឹក​ថ្ងៃ​ទី​១៤​និង​ទី​១៥ ខែមករា ឆ្នាំ ២០២១ កោះសន្តិភាព​ក៏​បាន​ចុះ​ទៅ​ផ្ទាល់​នៅ​ជុំវិញ​បឹង និង​សង្កេត​ឃើញ​បឹង​ទាំង​មូល​បាន​រង​ការ​បំពាន​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បឹង​តា​មោក​កាន់តែ​រួម​តូច​ទៅ​ៗ មើល​ទៅ​ដូច​អត់​មាន​សល់​ទេ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មានខែ​​ចុង​​ក្រោយ​នេះ ផ្ទៃ​បឹង​នៅ​ផ្នែក​ឦសាន​បានត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​បោះបង្គោល​កាន់​កាប់ដោយ​ធ្វើ​ជា​ស៊ង​ចិញ្ចឹម​ត្រី​ពេញ​ផ្ទៃ​ទឹក​លាតសន្ធឹងរហូត​ទៅ​ដល់​ផ្លូវ​ថ្មី ដែល​ចាក់​ពុះ​ផ្ទៃ​បឹង​ជា​២​នោះ ។

ដោយឡែក អតីត​«​តំបន់​ឡុ​ង ឈិ​ន​»កោះសន្តិភាព​មិន​បាន​លើក​មក​បង្ហាញ​ទេ ព្រោះ
ត្រូវ​បាន​កាន់កាប់​អស់​ទៅ​ហើយ និង​មិនដឹង​ថាជា​ការ​កាន់កាប់​ដោយ​ស្របច្បាប់​ឬ​ក៏​
បែប​ណា​នោះ​ទេ ។ កោះសន្តិភាព​នៅ​ចាំ​បាន​ថា កាលពី​ពេល​វាយ​កម្ទេច​ទីក្រុង ឡុ​ង ឈិ​ន របស់​ថៅកែ​ជា​ជនជាតិ​ចិន បាន​ចាត់​ទុក​ថា ដើម្បី​កាយ​យក​ដី​ដែល​លុប​បឹង​កប់​ស្រូវ​សង្គ្រោះ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ។

ភូមិ​គ្រឹះ​ប្រណីត​ៗ​ជា​ច្រើន ត្រូវ​បាន​វាយ​កម្ទេច​ចោល​គួរ​ឲ្យ​សោកស្តាយ ។ ចំណែ​ក ស្រប​តាម​មហាវិថី​ឈ្នះ ឈ្នះ ត្រូវ​បាន​គេ​ចាក់​ដី​លុប​ចូល​ផ្ទៃ​បឹង លាត​ស​ន្ទឹ​ង​ចាប់ពី​ដងផ្លូវ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ និង​កំពុង​តែ​ចាក់​ដី​លុប​ជា​បន្ត​ទៀត​ទាំង​យប់​ទាំង​ថ្ងៃ ។

នៅ​តាម​ដងផ្លូវ​នេះ គម្រោង​ផ្សារ​បន្លែ​ប្រមា​ណ​២០​ហិត​តា ក៏​កំពុង​សាងសង់​ដែរ ។ ឯ​នៅ​ខាងលិច​គម្រោង​ផ្សារ​បន្លែ ស្រប​តាម​ផ្លូវចូល​ពុះ​ចែក​ផ្ទៃ​បឹង គេ​ឃើញ​រណ្តៅ​ដ៏​សែន​ធំ​មួយ​របស់​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ ថៅកែ​រណ្តៅ​ដី​ដែល​លាតសន្ធឹង​រាប់រយ​ហិ​កតា កំពុង​តែ​ដំណើរការ​ជីក​យក​អាចម៍ដី​យ៉ាង​គគ្រឹកគគ្រេង​ជម្រៅ​រហូត​ចង់​ហួស​ក្បាល​ប្រេត​ហើយ​នៅ​តែ​មិន​ឈប់ ព្រោះ​ត្រូវការ​អាចម៍ដី​ដឹក​យក​មក​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក និង​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគ​ខាងជើង ។

ក្រៅពី​នោះ មាន​ទំនប់​ព័ទ្ធ​យក​ដី​បឹង​ទុក​បន្ត​ទៀត​រាប់រយ​ហិ​កតា​ផង​ដែរ ។ បើ​ក្រឡេក​មើល​នៅ​ផ្នែក​ខាងលិច​នៃ​បឹង​វិញ គេ​ឃើញ​នៅ​លើ​ផ្ទៃ​បឹង​ដែល​មានទឹក​ពណ៌​បៃតង​ដោយសារតែ​ទឹក​ស្អុយ​ហូរ​ចូល​រាល់ថ្ងៃ​នោះ សុទ្ធតែ​បង្គោលនិង​ស៊ង​ចិញ្ចឹម​ត្រី តែ​មិន​មាន​ត្រី​ទេ គឺ​គេ​ធ្វើ​ដើម្បី​យក​ដី​បឹង​នោះ ដែល​សុទ្ធតែ​អ្នកមាន​អំណាច​បោះ​រំលោភ​យក ក្នុង​នោះ​ក៏​មាន​បង្គោល​ដែល​រដ្ឋ​កំណត់​ព្រំ​ដី​ដែល​ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​អភិវឌ្ឍន៍​ផង​ដែរ លាយឡំ​គ្នា​ដូច​បាយបិណ្ឌ​ជា​បាយបាត្រ ។

នៅ​ផ្នែក​ខាង​លិច ក្នុងភូមិ​កោះរ​ង៉ាង សង្កាត់​ព​ន្សាំ​ង គេ​ឃើញ​រណ្តៅ​ដី​ដ៏​ធំ​មួយទៀត​របស់​ឈ្មោះ ធា ដែល​អះអាង​ថា រូបគេ​ជា​កូនប្រសា​រដ្ឋមន្ត្រី​មួយ​រូប ។ តាម​អ្នក​មើល​ការ​ឲ្យ​ដី​ឧកញ៉ា​ម្នាក់ ប្រាប់​ថា​ឈ្មោះ ធា នោះ​បាន​ប្រមូល​ទិញ​ដី​បឹង​ពី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ហើយ​បាន​ជីក​យក​អាចម៍ដី​ទៅ​ចាក់​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​ដ៏​ធំ​មួយ​នៅ​មុខ​វត្ត​ភ្នៀ​ត ។

នៅ​ក្នុង​ការ​ជីក​យក​ដី​បឹង​នេះ ត្រូវ​បាន​គេអះអាង​ថា បាន​ជាន់​លើ​ដី​បឹង​ដែល​ប្រមុខ​រាជ
រដ្ឋាភិបាល​ប្រគល់​ឲ្យ​ទៅ​ក្រសួងការពារជាតិ​មួយផ្នែក​ផង​ដែរ ។ តាម​អ្នក​មើល​ការ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទៃ​បឹង​ជិត​៤​ពាន់​ហិ​កតា​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ កំពុង​ត្រូវ​បាន​ឈ្មួញ​និង​អ្នកមានអំណាច មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដែល​ជា​ជើង​ខ្លាំង អ្នក​ណា​ខ្លាំង​អ្នក​ហ្នុ​ង​ឈ្នះ​អ្នក​ណា​ទៅ​ដល់​មុន​…​ឈ្នះ​រំលោភ​យក​អស់ហើយ ក្រោម​រូបភាព​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល ។

ក្រៅពី​នេះ​ក៏​មាន​ដី​បឹង​ជា​របស់​ក្រុម​ហ៊ុន ក្រសួង និង​អង្គភាព​រដ្ឋ ដែល​ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​លាយឡំ​ផង​ដែរ ។ ដោយឡែក មួយ​ផ្នែក​ទៀត នៅ​ភាគ​ពាយ័ព្យ ផ្ទៃ​បឹង​ក៏​ត្រូវ​បាន​គេ​បោះបង្គោល និង​ចាក់​ដី​រំលោភ​យក​ដូច​គ្នា​ដែរ ។

ចំណែក​នៅ​ខាងជើង ដែល​ជាប់​នឹង​ផ្លូវ​លេខ​១៥១​ក៏​ដូច​គ្នា ។ អនាគត​ទៅ ការ​ដណ្តើម​កាន់កាប់​ចាក់​គ្នា មិនដឹង​យ៉ាងណា​យ៉ាង​ណី​ទេ បើ​តែ​យ៉ាងហ្នឹង ។ទោះជា​យ៉ាងណា ជុំវិញ​ការ​អភិ​ឌ្ឍ​និង​ការ​រំលោភ​ផ្ទៃ​បឹង​តា​មោក​នេះ កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ជា​ម្ចាស់​ស្រុក​នៅឡើយ​ទេ ព្រោះ​ការ​សាកសួរ​ចំ​ឈ្មោះ​បឹង​តា​មោក​គឺ​ម្នាក់​ៗ​រុញ​ដាក់​គ្នា​ដោយ​មិន​ហ៊ាន​ធ្វើការ​បំភ្លឺ​ឡើយ ។

ឱ ! វាសនា​បឹង​តា​មោក​អើយ​…​អនាគត​ទៅ មិនដឹង​ថា អ្នក​ណាខ្លះ​ក្លាយជា​អ្នក​មានបាន​…​ក្លាយជា​សេដ្ឋី​…​ក្លាយជា​អ្នកទោស ពិតប្រាកដ​នៅឡើយ​ទេ​…​សង្ស័យ​អ្នក​ខ្លាំង​ប្រាកដជាឈ្នះ​…​ហេ ! ហេ ! ម៉េ​ង ធា

Read Entire Article