​វិស័យឯកជននៅថៃ ​បារម្ភពីផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារវិបត្ដិនយោបាយ

1 month ago 16

រាជធានីបាងកក៖  ដោយសារតែក្រុមបាតុករ​នៅតែបន្ដធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​​លោក​នាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា​ ចុះចេញពីតំណែង ​នាំឲ្យ​ប្រទេស​ថៃ ធ្លាក់ចូល​ក្នុងវិបត្ដិនយោបាយ​ ទើបធ្វើឲ្យវិស័យឯកជន ​ព្រួយ​បារម្ភ អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។

សភាពាណិជ្ជកម្មថៃ បានថ្លែង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា វិស័យ​ឯកជន បានសម្ដែង​ ​ពីការព្រួយបារម្ភថា ការធ្វើបាតុកម្ម ដែល​ចេះ​តែកើនឡើង ​ជាបន្ដបន្ទាប់ នាពេលនេះ ​អាចនឹងជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច នៅក្នុងប្រទេសថៃ។

លោក Kalin Sarasin ប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងថា វិនិយោ​គិន​បរទេស​ បានលៃលក បោះទុនវិនិយោគ​ នៅក្នុងប្រទេសថៃ។ ប៉ុន្ដែ​ពួកគេ អាចនឹងផ្លាស់ប្ដូរគំនិតវិញ ប្រសិនបើភាពវឹកវរ​នយោបាយ នៅតែ​មិនអាចដោះស្រាយបាន នាពេលឆាប់ៗនេះ។

ប្រធានសភាពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែមកនេះ ភាពតានតឹង រវាងរដ្ឋាភិបាល និងក្រុមបាតុករ ដឹកនាំដោយក្រុមនិស្សិត បានពុះកញ្ជ្រោលឡើង  ជាពិសេស ក្នុងរយៈពេល២សប្ដាហ៍មកនេះ ក្រោយពេលប៉ូលិស​ បានប្រើប្រាស់រថយន្ដបាញ់ទឹក បំបែកហ្វូងបាតុករ និងចាប់ខ្លួនសកម្មជន នៃការតវ៉ានេះ។​ ដោយសារតែភាព​វឹកវរខាង​នយោបាយ នៅក្នុងប្រទេសថៃ នាពេលនេះ ទើបធ្វើឲ្យវិស័យឯកជន មានការព្រួយបារម្ព អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ វិស័យឯកជន​ ក៏ចង់ឃើញភាគីទាំងអស់​ នៅក្នុងជម្លោះនេះ ជួបចរចាគ្នា ដើម្បីបញ្ចប់នូវភាពវឹកវរនេះ ដោយសន្ដិវិធី។

ដោយឡែក លោក ប្រាយុទ្ធ ចាន់អូនចា  ( Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានថ្លែងថា គណៈរដ្ឋមន្រ្ដី​របស់លោក បានយល់ព្រម​បង្កើតនូវគណៈកម្មាធិការផ្សះផ្សាជាតិមួយ ដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់នូវវិបត្ដិនេះ។ គណៈកម្មាធិការមួយនេះ នឹងត្រូវតែងតាំង ដោយសភា ហើយសមាសភាពនឹងមានទាំងតំណាងមកពីគណបក្សផ្សេងៗ សមាជិក​ព្រឹទ្ធ​សភា តំណាងរាស្រ្ដ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។

លោក Thanavat Phonvichai ប្រធាន​មជ្ឈមណ្ឌលសេដ្ឋកិច្ច និង​ពាណិជ្ជកម្មរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានថ្លែងថា ​មជ្ឈមណ្ឌល UTCC បានព្យាករថា នៅឆ្នាំក្រោយ ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងកើនឡើង ចន្លោះពី៣,៥-៤,៥ ។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលនេះ នៅតែរក្សាការព្យាកររបស់ខ្លួន ចំពោះ​កំណើនសេដ្ឋកិច្ច​​ នៅក្នុងឆ្នាំនេះ ​ចន្លោះពី -៧,៥ ទៅ-៨,៥ ភាគរយ។

ជាមួយគ្នានេះ​ បើតាមការស្ទង់មតិ កាលពីពេលថ្មីៗនេះ ធ្វើឡើង ដោយ​សាកលវិទ្យាល័យខាងលើ ស្តីពីប្រតិបត្តិករ មានទំនុក​ចិត្តលើ​អាជីវកម្ម  គឺភាគច្រើន នៃអ្នកឆ្លើយសំណួរ៣០០នាក់ បាននិយាយថា កត្តាចម្បង ​ជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ពួកគេ ដោយសារ​ការផ្ទុះឡើង នៃកូវីដ​-១៩ បន្ទាប់ពីមានការធ្លាក់ចុះ ​ភ្ញៀវទេសចរបរទេស និងភាពមិនច្បាស់ខាង​នយោបាយ ហើយកង្វះសាច់ប្រាក់​។

ដោយឡែកប្រតិបត្ដិករ ប្រហែល ២៨,៣៣ភាគរយ បាននិយាយថា ពួកគេប្រឈមនឹងហានិភ័យខ្ពស់ នៅក្នុងការបិទទ្វារអាជីវកម្ម។ រីឯ​៣៨,៣៦ ភាគរយ និយាយថា ពួកគេប្រឈមនឹងហានិភ័យមធ្យម ក្នុងការបិទទ្វារ ខណៈ ៤,៣៦ ភាគរយ និយាយថា ពួកគេមិនមាន​ហានិភ័យនោះទេ៕

The post ​វិស័យឯកជននៅថៃ ​បារម្ភពីផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារវិបត្ដិនយោបាយ appeared first on Khmer Breaking News.

Read Entire Article