សម្ដេច ស ខេង បញ្ជាអាជ្ញាធរខេត្ត ជាប់ព្រំដែនជាមួយវៀតណាម ទប់ស្កាត់ជំងឺកូវីដ-១៩

1 week ago 3

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម ត្រូវពង្រឹងនិងទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈវៀតកំពុងផ្ទុះជាខ្លាំង។

នាពេលថ្មីៗនេះ នៅតំបន់ខ្លះនៃប្រទេសវៀតណាម មានការឆ្លងរីករាលដាល នូវជំងឺកូរីដ-១៩ ហើយអាជ្ញាធរវៀតណាម បាននិងកំពុងចាត់វិធានការបិទ ការចេញចូលនៅតំបន់ ដែលមានការឆ្លងជំងឺ កូវីដ១៩នេះ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចូលរួមសហការ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ លើការងារដូចខាងក្រោម៖

ទី១-ត្រូវណែនាំដល់សមត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែន ឲ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរ ដែលដឹកជញ្ជូនទំនិញ ចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា- វៀតណាម ស្របតាមវិធានចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឱ្យបានម៉ត់ចត់បំផុត។

ទី២-ត្រូវចាត់វិធានការឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់ កុំឲ្យមានការលួចឆ្លងដែន ដោយខុសច្បាប់ ចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀងនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។

និងទី៣-បន្តជំរុញការអប់រំណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន បង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃ១ សីហា នៅកម្ពុជាបាន រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣៩នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស១៦៤នាក់ និងអ្នក សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៣នាក់៕

ដោយ ៖ អេង ប៊ូឆេង

Read Entire Article