ស្ដេចថៃ​យាង​ចូលរួម​​ប្រគល់​សញ្ញាបត្រ ក្រុមនិស្សិតធ្វើពហិការ

1 month ago 11

រាជធានីបាងកក៖ ក្រុមនិស្សិតថៃ ទើបនឹងបញ្ចប់ការសិក្សា ពីសាកល​វិទ្យា​ល័យ Thammasat បាននាំគ្នាធ្វើពហិការ មិនចូលរួមព្រះរាជ​ពិធី​ព្រះរាជ​ទាន​សញ្ញាបត្ររបស់ព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រិយានី ដល់ពួកគេ ដើម្បីជាការបង្ហាញ ចំពោះការមិនពេញចិត្ត និងសម្ដែងពីគោល​បំណង​របស់​ពួកគេ នាំគ្នាតវ៉ាយ៉ាងកក្រើកប្រទេស នាពេលនេះ។

បើតាមសារព័ត៌មានថៃ (Thaiger) បានផ្សាយ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០២ ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី នៃព្រះរាជាណាចក្រថៃ សព្វព្រះរាជហឫទ័យ យាងចូលរួម ក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិត នៃសាកលវិទ្យាល័យ Thammasat នារាត្រី (ថ្ងៃទី៣០ ខែតុលា) នេះ និងល្ងាចថ្ងៃស្អែក (ថ្ងៃទី៣១ ខែតុលា) ។ ប៉ុន្តែមានការលើកឡើងជាបន្តបន្ទាប់ ពីក្រុមនិស្សិត ដែលទើបនឹងបញ្ចប់ការសិក្សាថា ពួកគេនឹងធ្វើពហិការ នៅក្នុងពិធីនោះ។ ការធ្វើពហិការនេះ ក៏ជាការតវ៉ាផ្ទាល់ខ្លួនរបស់ពួកគេ ទាក់ទងនឹងការប្រមូលផ្តុំគ្នា នៅជុំវិញប្រទេសថៃ ស្ដីអំពីការធ្វើកំណែទម្រង់រដ្ឋាភិបាល (ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចាចុះចេញពីតំណែង) ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២១៧ និងកំណែទម្រង់របបរាជានិយម។

នៅក្នុងរាត្រីនោះ ក៏ជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុត សម្រាប់និស្សិត ទើបនឹងបញ្ចប់ការសិក្សា ដោយសារព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី នៃព្រះរាជាណាចក្រថៃ ហើយសែស្រឡាយរាជវង្សានុវង្ស យាងចូលរួមប្រគល់សញ្ញាបត្រដល់និស្សិតទាំងនោះ។ ផ្ទុយទៅវិញ ក្រុមនិស្សិត នៃសាកលវិទ្យាល័យខាងលើនេះ បានធ្វើពហិការ នៅក្នុងពិធីនេះ។ ក្រុមនិស្សិតទាំងនោះ បាននិយាយយ៉ាងចំហថា ពួកគេទាមទារឲ្យមានកំណែទម្រង់របបរាជានិយមថៃ នាពេលនេះ។

ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រថៃ នាពេលកន្លងមក ត្រូវបានហាមឃាត់ សម្រាប់ការសន្ទនា នៅក្នុងប្រទេសថៃ។ ប៉ុន្ដែឥឡូវនេះ ព្រះមហាក្សត្រថៃ កំពុងត្រូវបានបណ្ដាញផ្សព្វផ្សាយ លើកយកមកពិភាក្សា នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាញឹកញាប់។

នៅក្នុងពិធីបញ្ចប់ការសិក្សានេះ ក៏នឹងមានការរាំច្រៀង ដើម្បីជាការលើកទឹកចិត្តដល់និស្សិត ទើបនឹងបញ្ចប់ការសិក្សា ដោយមានសែរាជវង្សានុវង្ស យាងចូលរួមប្រគល់សញ្ញាបត្រផងដែរ។ ប៉ុន្ដែនៅពេលនេះ ក្រុមនិស្សិតខ្លះ នៃសាកលវិទ្យាល័យ Thammasat បានយកឆ្លៀតឱកាសនេះ ធ្វើបាតុកម្មដ៏សំខាន់មួយ ហើយសម្រេចចិត្ត បដិសេធចូលរួម នៅក្នុងពិធីនោះ។

ក្រុមនិស្សិត បានថ្លែងថា ភាគច្រើន នៅក្នុងព្រឹត្តិការណ៍បែបនេះ ត្រូវហាត់សម រយៈពេលមួយថ្ងៃ សម្រាប់ពិធីទទួលសញ្ញាបត្រមួយភ្លែត។ ក្រៅពីនេះ សម្រាប់ការចំណាយទាក់ទងនឹងការជួលសម្លៀកបំពាក់ សម្រាប់ពិធីបញ្ចប់ការសិក្សា នឹងមានតម្លៃ រហូតដល់៥០០បាត ស្មើនឹង១៦ដុល្លារ សម្រាប់សំពត់ថ្មី និង១ ០០០ បាត (៣២ដុល្លារអាមេរិក) សម្រាប់ធ្វើសក់និងការសម្អិតសម្អាងខ្លួន និងស្បែកជើងមួយគូ តម្លៃ ១០០០បាត។ បន្ទាប់មកអ្នកត្រូវចំណាយថ្លៃឈ្នួលអ្នកថតរូប (រូបថតបញ្ចប់ការសិក្សា ខ្លះអាចថាជាព្រឹត្តិការណ៍នៅក្នុងខ្លួនពួកគេ) ដោយបន្ថែមលើការចំណាច អាចចន្លោះពី ៦ ០០០-១០០០ បាត (លុយថៃ)ឬស្មើនឹង ១៩២ទៅ៣២០ដុល្លារអាមេរិក។ក្រុមអ្នកតវ៉ាខ្លះ កាលពីដើមខែនេះ បានប្រកាស នៅលើបណ្តាញទំនាក់ទំនងសង្គមថា ពួកគេបានបញ្ចប់ការសិក្សារបស់ពួកគេ ហើយនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងលំបាកមួយ។ ក្រុមនិស្សិតខ្លះ បានលើកឡើងថា ពួកគេនឹងចូលរួម ដើម្បីជាការលើកមុខមាត់ដល់ឪពុកម្តាយរបស់ពួកគេ។ ទោះជាយ៉ាងណា ក៏មាននិស្សិតខ្លះ មិនចូលរួមផងដែរ។

រហូតមកដល់ពេលនេះ វិបត្ដិនយោបាយ នៅក្នុងប្រទេសថៃ មិនបានដោះស្រាយ នៅឡើយ ថ្វីត្បិតតែពីកាលពីថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២០ តំណាងរាស្រ្ដ មកពីបក្សប្រឆាំង និងបក្សកាន់អំណាច ចូលរួម នៅក្នុងសម័យប្រជុំវិសាមញ្ញ តាមការលើកឡើង ពីប្រធានរដ្ឋសភា លោក ឈួន លីផៃ និងជាអតីតនាយករដ្ឋមន្រ្ដីថៃ។ នៅក្នុងកិច្ចប្រជុំនោះ តំណាងរាស្រ្ដបក្សប្រឆាំង បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ និងជំរុញឲ្យលោកចុះចេញពីតំណែង ដើម្បីបញ្ចប់ស្ថានការណ៍វិបត្ដិនយោបាយ នៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា លោកនាយករដ្ឋន្រ្ដីថៃ បានអះអាងថា លោកនឹងមិនចុះចេញពីតំណែង ឬរត់ចោលប្រទេស នៅក្នុងកាលៈទេសៈ ដែលនគរកំពុងប្រឈមនឹងវិបត្ដិនោះឡើយ៕

The post ស្ដេចថៃ​យាង​ចូលរួម​​ប្រគល់​សញ្ញាបត្រ ក្រុមនិស្សិតធ្វើពហិការ appeared first on Khmer Breaking News.

Read Entire Article