ហេតុអ្វីខ្ញុំ​ត្រូវតាមដានកម្រិតជាតិស្ករ​ក្នុងឈាមឲ្យបានជាប់លាប់?

1 month ago 32

១- ជាតិស្ករក្នុង​ឈាមជាអ្វី?

ជាតិ​ស្ករ​នៅ​ក្នុង​ឈាម គឺ​សំដៅ​លើ​កម្រិត​បរិមាណ​ជាតិ​ស្ករ​របស់​យើង​នៅ​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​ទាំង​នោះ​ គឺ​មាន​ប្រភព​ចេញ​ពី​អាហារ​ ឬ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ និង​ចេញ​ពី​ការ​បញ្ចេញ​សារជាតិ​ស្ករ​ដែល​ស្តុក​បម្រុង​ទុក​នៅ​ក្នុង​ថ្លើម និង​សាច់ដុំ​របស់​រាង​កាយ។ ជាតិ​ស្ករ ​​ជា​ប្រភព​ថាមពល​ដ៏​ចម្បង​របស់​កោសិកា​ក្នុង​រាង​កាយ ហើយ​ជាតិ​ស្ករ​​អាច​ត្រូវ​ដឹក​ចូល​ទៅ​ក្នុង​កោសិកា​បាន​តាម​រយៈ​ចរន្ត​ឈាម។

២- អ្វីទៅជា​ការ​តាមដានជាតិស្ករ?

ជា​ការ​ត្រូវ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​រៀង​រាល់​ថ្ងៃ ព្រោះ​ថា​សំខាន់​ណាស់​ដើម្បី យើង​​អាច​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ និង​ការពារ​ពី​ផល​វិបាក​ផ្សេងៗ​ដោយ​សារ​ជំងឺ​នេះ។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​អាច​តេស្ត​បាន​នៅ​ផ្ទះ ឬ​នៅ​សាលា​រៀន ដោយ​ប្រើ​ប្រដាប់​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ជា​ឧបករណ៍​តូច​មួយ សម្រាប់​វាស់​កម្រិត​ជាតិ​ស្ករ​ដោយ​ប្រើ​ឈាម​តែ​មួយ​ដំណក់​ប៉ុណ្ណោះ ហើយ​នឹង​​បញ្ចេញ​លទ្ធផល​នៅ​លើ​អេក្រង់​របស់​វា​តែ​ម្ដង។

ការ​ធ្វើ​តេស្ត​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​រៀងរាល់​ថ្ងៃ គឺ​ជា​វិធី​ល្អ​បំផុត ដើម្បី​រក្សា​លំនឹង​រវាង​អាហារ​ដែល​យើង​​ញ៉ាំ សកម្មភាព​ដែល​យើង​ត្រូវ​ធ្វើ និង​កម្រិត​អាំងស៊ុយលីន​ដែល​យើង​ត្រូវ​ចាក់។

៣- ពិនិត្យ​កម្រិត​ជាតិ​ស្ករក្នុងឈាមជួយអីខ្លះ?

ដើម្បី​តាម​ដាន​ពី ប្រសិទ្ធភាព កម្រិត​អាំងស៊ុយលីន​ដែល​យើង​ប្រើ

អាច​ដឹង​ប្រសិន​បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ខ្ពស់​ឬ ទាប​ខ្លាំង

ដើម្បី​ស្វែងយល់​​ពី​របៀប​ដែល​អាហារ​ និង​ការ​ហាត់​ប្រាណ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

យល់​ដឹង​ នៅ​ពេល​យើង​ឈឺ ឬ ស្ត្រេស ថា​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បែប​ណា។

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​មិន​អាច​គ្រប់​គ្រង​បាន មិន​ត្រឹម​តែ​នាំ​ឲ្យ​អ្នកជំងឺ​មាន​បញ្ហា​រយៈពេល​ខ្លី ដូច​ជា ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប (Hypoglycaemia) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ​ដូច ជា​បញ្ហា Diabeticketoacidosis (DKA-ករណីកើនជាតិអាស៊ីដ​ក្នុងឈាម ដោយសារបរិមាណជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ក្នុង​រយៈពេល​យូរ) និង​សន្លប់​ដោយសារ ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ (Diabetic coma)

ប្រសិន​បើ​បញ្ហា​នេះ​មាន​រយៈពេល​កាន់​តែ​យូរ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន នឹង​ធ្វើ​ឲ្យ​ខូច​សរីរាង្គ​សំខាន់ៗ ដូច​ជា​បេះដូង ​តម្រងនោម ​ភ្នែក​ និង​សរសៃ​ប្រសាទ។ នេះ មាន​ន័យ​ថា ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​បេះដូង ជំងឺ​តម្រងនោម បញ្ហា​ងងឹត​ភ្នែក និង​បញ្ហា​សរសៃ​ប្រសាទ គឺ​អាច​កើត​មាន​ឡើង​ចំពោះ អ្នក​ជំងឺ​ទឹកនោម​ផ្អែម បាន​គ្រប់ពេល។

ពេល​យើង​ឈឺ ក៏​អាច​ប៉ះពាល់​ដែរ​​ តើ​កម្រិត​អាំងស៊ុយលីន​ប៉ុន្មាន​ដែល​រាង​កាយ​យើង​ត្រូវ​ការ។ ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម នឹង​ជួយ​យើង​ និង​គ្រូពេទ្យ​របស់យើង​​ឲ្យ​សម្រេចចិត្ត​បាន​ពី​ការ​​ផ្លាស់​ប្ដូរ​ផែន​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ករណី​ចាំបាច់។ ឧទាហរណ៍ថា តើ​​យើង​​ត្រូវ​ចាក់​អាំងស៊ុយលីនតិច ឬ​ច្រើន​ជាង​មុន។

យើង​កាន់​តែ​ធំ​ហើយ ដូច្នេះ​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចាប់​ផ្ដើម​រៀន​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​ខ្លួន​ឯង ជាជាង​ពឹង​ផ្អែកលើ​ឪពុក​ម្ដាយ ​ឬ​ពេទ្យ​ទាំងស្រុង។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

The post ហេតុអ្វីខ្ញុំ​ត្រូវតាមដានកម្រិតជាតិស្ករ​ក្នុងឈាមឲ្យបានជាប់លាប់? appeared first on Hello Krupet.

Read Entire Article