ហេតុអ្វីប៉ាម៉ាក់​ត្រូវតាមដានកម្រិតជាតិស្ករ​ក្នុង​ឈាម​ឲ្យ​កូន?

4 months ago 80

១- អ្វី​ទៅ​ជា​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម?

ជាតិ​ស្ករ​ក្នុង​ឈាម ឬ​សារធាតុ​គ្លុយកូស​នៅ​ក្នុង​ឈាម គឺ​សំដៅ​លើ​កម្រិត​បរិមាណ​ជាតិ​ស្ករ​នៅ​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​ទាំង​នោះ​ គឺ​មាន​ប្រភព​ចេញ​ពី​អាហារ​ ឬ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ និង​ចេញ​ពី​ការ​បញ្ចេញ​ជាតិ​ស្ករ​ដែល​បម្រុង​ទុក​នៅ​ក្នុង​ថ្លើម និង​សាច់ដុំ។

២- ចុះ​អ្វី​ទៅ​ជា​ការពិនិត្យតាមដានជាតិ​ស្ករ​ក្នុង​ឈាម?

ការ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ខ្លួន​ឯង គឺ​ជា​វិធី​ដែល​សំខាន់​បំផុត​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ពារ​ពី​ផលវិបាក​ផ្សេងៗ​របស់​ជំងឺ​នេះ។ ប៉ាម៉ាក់​​អាច​ធ្វើ​តេស្ត​រក​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​កូន នៅ​ផ្ទះ​បាន​ ដោយ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​មួយ ហៅ​ថា​ប្រដាប់​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម (Glucometer) ដែល​ឧបករណ៍​នេះ ត្រូវ​ការ​ឈាម​តែ​មួយ​ដំណក់​តូច​ប៉ុណ្ណោះ ចេញ​ពី​ចុង​ម្រាម​ដៃ​របស់​កូន។

ការ​ពិនិត្យ​មើល​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម គឺ​ជា​វិធី​ដែល​ល្អ​បំផុត ដែល​អាច​ប្រាប់​យើង​ពី​តុល្យភាព​អាំងស៊ុយលីន​ ជាតិ​ស្ករ​ក្នុង​អាហារ និង​របៀប​ធ្វើ​លំហាត់​ប្រាណ ។

៣- ពេល​ណា​ខ្ញុំត្រូវ​ធ្វើ​តេស្តកម្រិតជាតិស្ករក្នុង​ឈាម​ឲ្យ​កូន?

តេស្ត​កម្រិត​ជាតិ​ស្ករ​ឈាម​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺ​ត្រូវ​ធ្វើ​មុន​ពេល​ញ៉ាំ​អាហារ និង​នៅ​មុន​ពេល​ចូល​គេង មុន​ពេល​លេង​​កីឡា ឬ ហាត់​ប្រាណ។ កូនយើងក៏ត្រូវធ្វើតេស្ត​ផង​ដែរ​​នៅ​ពេល​ដែល​កូន (អ្នក​ជំងឺ) ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ឬ​ពេល​ដែលកូន​មាន​ចេញ​រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប (Hypoglycemia) ឬ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង (Hyperglycaemia)

៤- ការពិនិត្យមើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មានសារៈសំខាន់​បែបណា?

ចំពោះ​អ្នក​ដែល​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ (BGLs) គឺ​នឹងន ដោយ​សារ​តែ​រាង​កាយ​អាច​គ្រប់​គ្រង​នៅ​ក្នុង​កម្រិត​ថេរ​បាន។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​កើន​ឡើង ឬ ធ្លាក់​ចុះ​ខ្លាំង​ខុស​ពី​ធម្មតា​ជា​ញឹកញាប់។

ប្រសិន​បើ​មិន​អាច​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ត្រឹម​ត្រូវ​ទេ​នោះ អ្នកជំងឺ​​នឹង​ជួប​​ហានិភ័យ វិវត្ត​ទៅជា​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ​ដូច​ជា ងងឹតភ្នែក ​ជំងឺ​បេះដូង ​ជំងឺ​តម្រង​នោម ឬ​ឈាន​ដល់​បាត់​បង់​អវយវៈ ដោយសារ​កាត់ចេញ។ ក្រៅ​ពី​នេះ​​ក៏​អាច​បណ្ដាល​ឲ្យ​​គ្រោះ​ថ្នាក់​ដល់​ជីវិត ផង​ដែរ​ដូច​ជា បញ្ហា Diabetesketoacidosis​ (DKA-ករណីកើនជាតិអាស៊ីដ​ក្នុងឈាម ដោយសារបរិមាណជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ក្នុង​រយៈពេល​យូរ) និង​សន្លប់​ដោយ​សារជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ (Diabetic coma)

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

The post ហេតុអ្វីប៉ាម៉ាក់​ត្រូវតាមដានកម្រិតជាតិស្ករ​ក្នុង​ឈាម​ឲ្យ​កូន? appeared first on Hello Krupet.

Read Entire Article