អវកាសយានិក NASA បួនរូបទៀតនឹងជិះយាន SpaceX ឡើងទៅស្ថានីយអវកាសអន្តរជាតិ

1 month ago 18

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា បេសកកម្មដឹកអ្នកដំណើរហៅថា Crew-1 នៃយាន Crew Dragon របស់ក្រុមហ៊ុន SpaceX នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកាវិញ បន្ទាប់ពីកាលបរិច្ឆេទនេះត្រូវបានផ្លាស់ប្តូរជាច្រើនលើក ព្រោះតែបញ្ហាបច្ចេកទេស និងបញ្ហាបន្ទាប់បន្សំផ្សេងៗទៀត។

កាលបរិច្ឆេទដំបូងសម្រាប់ការចេញបេសកកម្ម Crew-1 គឺតាំងតែពីថ្ងៃទី៣០ ខែសីហាមកម្ល៉េះ។ ក្រោយមកអង្គការ NASA បានពន្យារពេលទៅចុងខែកញ្ញា រួចហើយបន្តលើកទៅថ្ងៃទី២៣ ខែតុលា និងទៅថ្ងៃទី៣១ ខែតុលា រហូតមកដល់កាលបរិច្ឆេទចុងក្រោយគេ ដែលត្រូវបានកំណត់ដូចខាងលើ។ នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ ក្រុមហ៊ុន SpaceX នឹងប្រើគ្រាប់រ៉ុក្កែត Falcon 9 និងយាន Crew Dragon បញ្ជូនអវកាសយានិកចំនួន ០៤នាក់ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។

បេសកកម្ម Crew-1 គឺជាបេសកកម្មផ្លូវការលើកដំបូងរបស់យាន Crew Dragon ប៉ុន្តែវានឹងជាបេសកកម្មទី ២ របស់យានអវកាសនេះក្នុងការដឹកអវកាសយានិក។ អវកាសយានិកពីររូបដំបូង ដែលបានធ្វើដំណើរលើយាន Crew Dragon គឺលោក បុប បិនខេន (Bob Behnken) និង លោក ដូក ហឺលី (Doug Hurley) ដែលបានចំណាយពេល ៦២ថ្ងៃស្នាក់នៅស្ថានីយ ISS នាពេលកន្លងទៅនេះ។

គួរជម្រាបថា SpaceX មិនមែនជាក្រុមហ៊ុនតែមួយគត់ ដែលកំពុងអភិវឌ្ឍយានអវកាស សម្រាប់ដឹកជញ្ជូនអវកាសយានិករបស់ NASA ឡើយ។ យានអវកាស CST-100 Starliner របស់ក្រុមហ៊ុន Boeing ដែលមិនបានទៅដល់ស្ថានីយ ISS កំឡុងការធ្វើតេស្តហោះហើរលើកទីមួយកាលពីឆ្នាំមុន ពេលនេះត្រូវគេរំពឹងថា នឹងចេញបេសកកម្មសាកល្បងជាលើកទីពីរ ដោយពុំមានដឹកមនុស្សនៅខែមករា ឆ្នាំ២០២១ និងដោយមានដឹកមនុស្សជាលើកដំបូង នៅរដូវក្តៅឆ្នាំក្រោយ៕

ប្រភព៖ Space (ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០)

Read Entire Article