អាថ៌កំបាំង នៅ​ពីក្រោយ បារី​អេ​ឡិច​ត្រូ​និ​ច​

4 months ago 111

​ភ្នំពេញ​៖ បារី​អេ​ឡិច​ត្រូ​និ​ច ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់ ប្រើ​កលល្បិច​បំភ័ន្ត​ថា​ជា​ម៉ាស៊ីន​ផ្ដាច់​បារី មាន​សុវត្ថិភាព​ជាង ឬ​មាន​អនាម័យ​ជាង​បារី​ធម្មតា​។ លើសពីនេះ បារី​អេ​ឡិច​ត្រូ​និ​ច ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់ ផលិត​រសជាតិ​ច្រើន​ជម្រើស សម្រាប់​ទាក់ទាញ​យុវជន​វ័យក្មេង​ឱ្យប្រើ​ប្រាស់​។ នេះ​បើតាម​ចេញផ្សាយ​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​នេះ​។​

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បញ្ជាក់ថា ការ​បំភ័ន្ត​បែបនេះ បាន​អូសទាញ​អ្នក​ដែលមាន​បំណង ចង់​ផ្ដាច់​បារី​ប្រមាណ ៦០% នៃ​អ្នក​ជក់បារី​ប្រមាណ ១,១ ពាន់​លាន​នាក់​ទូទាំង​ពិភពលោក ឱ្យ​ចាប់ផ្ដើម​ងាក​មកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​។ ការ​ងាក​មកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​វិញ នាំឱ្យ​ពួកគាត់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ច្រើន​មុខ​បញ្ចូល​គ្នា ឈានទៅរក​ការប៉ះពាល់​សុខភាព​រឹតតែ​ធ្ងន់ធ្ងរ​។ លើសពីនេះ​ទៀត អ្នក​ដែល​ជក់បារី​អេ​ឡិច​ត្រូ​និ​ច នឹង​ក្លាយជា​អ្នកញៀន​បារី​ធម្មតា​២​ដង ច្រើនជាង​អ្នក​ដែល​មិន​ប្រើប្រាស់​។

​រហូតមកទល់​ពេលនេះ មិនទាន់មាន​ភស្តុតាង​ណាមួយ ត្រូវបាន​គេ​បង្ហាញថា បារី​អេ​ឡិច​ត្រូ​និ​ច ជា​ឧបករណ៍​ម៉ាស៊ីន​ផ្ដាច់​បារី​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច ប៉ះពាល់​សុខភាព​ដូច​បារី​ធម្មតា​ដែរ ហើយ​ថ្មីៗ​នេះ មាន​អ្នករងរបួស​សួត​ចំនួន​ប្រមាណ ២.៨០០​ករណី និង​ស្លាប់ ៦៨​នាក់ នៅ​សហរដ្ឋអាមេរិក គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០ យោងតាម​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺ របស់​សហរដ្ឋអាមេរិក (CDC)​។

​អង្គការ​សុខភាព​ពិភពលោក បាន​លើកឡើងថា “ បារី​អេ​ឡិច​ត្រូ​និ​ច មាន​ផ្ទុក​សារធាតុ​នីកូទីន និង​សារធាតុពុល​ផ្សេងទៀត ដែល​បង្ក​គ្រោះថ្នាក់ ដល់​អ្នក​ជក់​និង​អ្នក​ស្រូប​ចំហាយ​ពី​គេ​។​”

​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច អាច​ជំរុញ​ឱ្យ​យុវជន​វ័យក្មេងៗ​ទាំងនោះ ឈានទៅ​បោះបង់​ការសិក្សា ប្រើប្រាស់​គ្រឿងញៀន និង​ប្រព្រឹត្តិ​អំពើ​អបាយមុខ​ផ្សេងៗ នៅក្នុង​សង្គម​។

​បើទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ចាត់វិធានការ​បន្តបន្ទាប់​ក៏ដោយ ការផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​ត្រូ​និ​ច នៅតាម​បណ្ដាញ​សង្គម Facebook និង YouTube នៅតែមាន​ជា​ហូរហែ ដែល​កត្តា​ទាំងនេះ​គឺជា​ក្ដីបារម្ភ​មួយ អាច​ឈានទៅរក​វិបត្តិ​សង្គម ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ដូច​បញ្ហា​គ្រឿងញៀន​ដែរ​៕

ដោយ​៖​កូ​ឡាប​

Read Entire Article