អូស្ត្រាលីប្រើពេល៣០០ម៉ោង បង្កើតផែនទីចក្រវាឡថ្មី ដែលមានកាឡាក់ស៊ីសរុប​៣លាន

1 month ago 23

(កង់បេរ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសអូស្រ្តាលី ទើបតែបានប្រាប់ថា ពួកគេបានបានបង្កើតផែនទីថ្មី ដែលរួមមានកាឡាក់ស៉ីសរុបដល់ទៅដល់ ៣លាន ក្នុងនោះមានកាឡាក់ស៉ីថ្មីៗប្រមានជា ១លានឯណោះ តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបដ៏ទំនើបមួយ នៅក្នុងប្រទេសរបស់ខ្លួន។

ទីភ្នាក់ងារវិទ្យាសាស្រ្តអូស្រ្តាលី CSIRO បានឲ្យដឹងថា ប្រព័ន្ធតេឡេស្កូបថ្មីរបស់ខ្លួនហៅថា ASKAP បានបង្កើតផែនទីចក្រវាឡថ្មីមួយ ដែលផ្តល់ភាពលម្អិតមិនធ្លាប់មាន។ ផែនដីថ្មីដែលប្រព័ន្ធតេឡេស្កូប ASKAP បង្កើតឡើង បង្ហាញឲ្យឃើញទីតាំងនៃកាឡាក់ស៉ីសរុបចំនួន ៣លាន ហើយរូបភាពនីមួយៗ ផ្តល់នូវលក្ខណៈលម្អិតទ្វេដង បើធៀបនឹងការអង្កេតកាលពីមុនៗមក។

បើតាមទីភ្នាក់ងារ CSIRO ការបង្កើតផែនទីនៃកាឡាក់ស៉ីរាប់លាននេះ ត្រូវសម្រេចបានតែក្នុងរយៈពេល ៣០០ម៉ោងប៉ុណ្ណោះ ខណៈកិច្ចការបែបនេះ ធ្លាប់តែត្រូវបានប្រើពេលរាប់ឆ្នាំ។

គួរបញ្ជាក់ថា ប្រព័ន្ធតេស្កូប ASKAP គឺជាបណ្តុំឌីសអង់តែនសរុបចំនួន ៣៦គ្រឿងដែលធ្វើការជាមួយគ្នា ដើម្បីអង្កេតមើលបាតុភូតផ្សេងៗនៅលើផ្ទៃមេឃ។ ប្រព័ន្ធនេះស្ថិតនៅតំបន់វាលខ្សាច់ ដាច់ស្រយាលក្នុងរដ្ឋអូស្រ្តាលីខាងលិច ហើយជាផ្នែកនៃគម្រោងអន្តរជាតិមួយ ដែលសំដៅកសាងប្រព័ន្ធតេឡេស្កូប ប្រើរលកវិទ្យុដ៏ធំបំផុតលើលោកហៅថា Square Kilometer Array (SKA) ដែលនឹងមានតាំងនៅក្នុងប្រទេសអូស្រ្តាលី និងអាហ្រ្វិកខាងត្បូង៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ BBC (ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០)

Read Entire Article