អ៊ីរ៉ង់រៀបចំល្បែងសង្រ្គាម នៅឈូងសមុទ្រអូម៉ង់ គំរាមប្រធានាធិបតីថ្មីអាមេរិក

1 month ago 17

បរទេស៖ បើតាមសារព័ត៌មាន Sputnik របស់រុស្ស៊ី បាន ផ្សាយ កាលពីរាត្រី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា អ៊ីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់សាកល្បងមីស៊ីលបាល្លីស្ទិក ទៅលើគោលដៅ នៅក្នុងសមុទ្រ ដោយឆ្លងកាត់ឈូងសមុទ្រអូម៉ង់។ រីឯការបាញ់មីស៊ីលរបស់អ៊ីរ៉ង់នេះ បានកើតឡើង គឺមួយថ្ងៃ មុនពេលយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H របស់អាមេរិក ចំនួន២គ្រឿង ហោះលើប្រទេសអ៊ីស្រាអែល និងឈូងសមុទ្រពែក្ស។ សកម្មភាពបែបនេះអាចជាសញ្ញាបង្ហាញពីភាពតានតឹងដាក់គ្នា រវាងប្រទេសជាសត្រូវទាំង២នេះផងដែរ។​

អ៊ីរ៉ង់ បានប្រកាសថា កងទ័ពរបស់ខ្លួន ​​នឹងធ្វើសមយុទ្ធយោធា នៅឈូងសមុទ្រអូម៉ង់ នៅថ្ងៃទី១៩ ខែមករា ពោលគឺមួយថ្ងៃ មុនពេលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។

លោកឧត្ដមសេនីយ៍​ Kiomars Heidari មេបញ្ជាការកងទ័ពជើងគោកអ៊ីរ៉ង់ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃទី១៨ ខែមករា ថា ការធ្វើសមយុទ្ធយោធា នៅក្នុងឈូងសមុទ្រអូម៉ង់នេះ នឹងចាប់ផ្ដើម នៅថ្ងៃទី១៩ ខែមករា  នៅជិតកំពង់ផែទីក្រុង​ Makran នៅភាគខាងកើតខេត្ត Baluchistan ជិតព្រំដែនប្រទេសប៉ាគីស្ថាន។​ រីឯគោលបំណងដ៏សំខាន់ នៃល្បែងសង្គ្រាមនេះ គឺដើម្បីវាយតម្លៃលើការចល័ត និង​ប្រតិកម្មរហ័សរបស់កម្លាំងទ័ព និងអង្គភាពចល័ត នៃកង​ទ័ពជើងគោក។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធានេះ នឹងអនុវត្ត​លើការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង ពីសត្រូវ នៅលើឆ្នេរ​សមុទ្រនេះ។ ជាមួយគ្នានេះដែរ កងទ័ពអ៊ីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់សាកល្បងមីស៊ីលផ្លោង ចេញពីលើដី សំដៅទៅដល់គោលដៅ នៅក្នុងសមុទ្រ ក្នុងចម្ងាយ ១ ៨០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ឈូងសមុទ្រអូម៉ង់ ស្ថិតក្នុងមហាសមុទ្រឥណ្ឌា​។

ដោយឡែក សហរដ្ឋអាមេរិក វិញ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H ដ៏មានឥទ្ធិពលខ្លាំងក្លារបស់ខ្លួន ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅមុនថ្ងៃចូលស្បថឡើងកាន់តំណែងរបស់លោក ចូ បៃដិន។ នេះជាសារមួយរបស់អាមេរិក បង្ហាញទៅកាន់សម្ពន្ធមិត្តរបស់ខ្លួន និងអ៊ីរ៉ង់ដែលជាសត្រូវថា អាមេរិកនៅតែការពារនូវសម្ពន្ធមិត្ត និងផលប្រយោជន៍របស់អាមេរិក នៅក្នុងតំបន់នេះ។ អាមេរិកបានត្រៀមលក្ខណៈប្រយុទ្ធជាស្រេច ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារ ឬធ្វើសកម្មភាពដ៏អាក្រក់ណាមួយប៉ះពាល់ដល់អាមេរិក និងសម្ពន្ធមិត្ដរបស់ខ្លួន៕

The post អ៊ីរ៉ង់រៀបចំល្បែងសង្រ្គាម នៅឈូងសមុទ្រអូម៉ង់ គំរាមប្រធានាធិបតីថ្មីអាមេរិក appeared first on Khmer Breaking News.

Read Entire Article