ឪពុក​ម្តាយ​ក្តុកក្តួល​ពន់ពេក​ក្រោយ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​ដែល​មាន​អាយុ​ទើប​៥​ឆ្នាំ

1 month ago 6

រាជធានី​ភ្នំពេញ ៖ ជា​ការ​ធ្វេសប្រហែស​មួយ​ទើប​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មានការ​ស្រណោះ​សោកស្តាយ​កូន​ជាទី​ស្រឡាញ់​ពន់ពេក​ក្រោយ​ពី​កូនប្រុស​កំសត់​ម្នាក់​របស់​ខ្លួន​ដែល​មាន​អាយុ​ទើបតែ​៥​ឆ្នាំ​បាន​ចុះ​ទៅ​លេង​ទឹកស្រះ​មួយ​កន្លែង​តែ​អកុសល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ជ្រៅ​បណ្តាល​ឲ្យ​លង់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​ស្រះ​ទឹក​មួយ​កន្លែង ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ក្មេង​រង​គ្រោះ​មានឈ្មោះ វុ​ទ្ធី បាន ភេទ​ប្រុស អាយុ​៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ មាន​ឪពុក​ឈ្មោះ ឃី វុ​ទ្ធី អាយុ​៤០​ឆ្នាំ មុខរបរ​អ្នកនិពន្ធ ម្តាយ​ឈ្មោះ អ៊ុ​ង ឧត្តម អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​ភូមិ​៦ ឃុំ​ស្វាយ​ភ្លាំង ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ គ្រួសារ​ខាងលើ​មានកូន​ប្រុស​-​ស្រី​ចំនួន​២​នាក់ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ក្មេង​រង​គ្រោះជា​កូនច្បង ។

តាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​៩-១០​ព្រឹក ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ក្មេង​ប្រុស​តូច​ៗ២​នាក់​បាន​ចុះ​ទៅ​លេង​ទឹកស្រះ​ខាងលើ ហើយ​ប្រជាពលរដ្ឋ​បាន​ដេញ​ឲ្យ​ទៅ​វិញ​ម្តង​ហើយ​ព្រោះថា​ទីតាំង​ចំណុច​ស្រះ​ទឹក​មួយ​នេះ​ហាក់ដូចជា​មាន​អាថ៌​កំបាំង​នេះ​បើ​តាម​ជំនឿ​របស់​អ្នកស្រុក​ក្នុង​១​ឆ្នាំ​ដឹង​តែ​មាន​អ្នក​លង់ទឹក​ទី​នេះ​ម្នាក់ ។

ហើយ​ក្មេង​ប្រុស​តូច​ៗ​ទាំង​២​នាក់​ក្រោយ​ពី​ដេញ​ឲ្យ​ឡើង​វិល​ត្រឡប់​ទៅ​វិញ​ម្តង​ហើយ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ក៏​មិន​ចាប់អារម្មណ៍ នឹកគិត​ថា​ទៅ​បាត់​ហើយ រហូត​ដល់​ក្មេង​ៗ​ក្នុងភូមិ​ស្រែក​ឆោឡោ​មាន​ក្មេង​លង់ទឹក​ទើប​នាំ​គ្នា​ផ្អើល​ចុះ​ស្រង់​តែ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ក្មេង​ម្នាក់​ទៀត​មិន​បាន​ចុះ​ទឹក​ទើប​មិន​មាន​បញ្ហា​អ្វី ។

តាម​ប្រភព​ម្តាយ​ក្មេង​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​រវល់​តែ​ជាប់​លក់ដូរ​នៅផ្ទះ​ក្បែរ​នោះ​ដែរ​មិន​បានដឹង​ថា កូនប្រុស​មក​ចុះ​ទៅ​លេង​ទឹក​បែប​នេះនោះ​ទេ ។ ក្មេង​រង​គ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​រួច​បាន​ប្រគល់​សព​កូនប្រុស​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ងួន​ពេជ្រ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

The post ឪពុក​ម្តាយ​ក្តុកក្តួល​ពន់ពេក​ក្រោយ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​ដែល​មាន​អាយុ​ទើប​៥​ឆ្នាំ appeared first on Khmer Breaking News.

Read Entire Article