ឱ!លោកតុលាការអើយ៖ ក្រោយជាប់គុក២៧ឆ្នាំ ទើបតុលាការប្រកាសថា គ្មានទោស

5 months ago 32

ចិន៖ បុរសចិនម្នាក់ក្រោយពីចូលដេកក្នុងគុកអស់រយៈពេល២៧ឆ្នាំ ស្រាប់តែតុលាការប្រកាសថាគ្មានទោសកំហុសក្នុងបទឧក្រិដ្ឋឃាតកម្មវិញ ហើយតុលាការបានសុំទោស តែបុរសរូបនេះប្រកាសថាគាត់ប្ដឹងទារសំណង។

បុរសអភ័ព្វនោះ ឈ្មោះ Zhang Yuhuan អាយុ៥២ឆ្នាំ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ក្នុងឆ្នាំ១៩៩៥ តែត្រូវប្ដូរទៅជាជាប់គុកពេញមួយជីវិតវិញ ពីបទសម្លាប់ក្មេងប្រុស២នាក់ ក្នុងឆ្នាំ១៩៩៣។

បន្ទាប់ពីជាប់គុកអស់រយៈពេល២៧ឆ្នាំ តុលាការជាន់ខ្ពស់ចិន បានប្រកាសនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះថា ទណ្ឌិតឈ្មោះZhang Yuhuan នេះ គ្មានទោសទេ ដោយលើកឡើងថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ទោសលោកទេ។

លោក Zhang Yuhuan បានបញ្ជាក់ថា លោកត្រូវបានប៉ូលិសធ្វើទារុណកម្ម និងបានបង្ខំឲ្យសារភាពថាបានសម្លាប់ក្មេងប្រុស២នាក់ ក្នុងឆ្នាំ១៩៩៣នោះ។
ក្រោយពីលោក Zhang Yuhuan ប្ដឹងតវ៉ាថា តុលាការអាចមិនអាចយកភ័ស្តតាង បាវ និងខ្សែដែលត្រូវបានរកឃើញនៅកន្លែងឃាតកម្ម ហើយចោទប្រកាន់ថាលោកបានសម្លាប់ក្មេងប្រុស២នាក់នោះបានឡើយ ហើយការប្ដឹងតវ៉ារបស់លោកបរាជ័យជាច្រើនលើកមក កាលខែមីនាកន្លងទៅនេះ តុលាការខេត្តជាំងស៊ី បានយល់ព្រមសើរើសំណុំរឿងនេះឡើងវិញ។

តុលាការជាន់ខ្ពស់ចិន បានប្រកាសថា៖ «ក្រោយយើងបានសើរើឯកសារឡើងវិញ យើងបានរកឃើញថា គ្មានភស្តុតាងដោយផ្ទាល់ណាមួយ ដែលអាចបញ្ជាក់ពីទោសកំហុសរបស់លោក Zhang Yuhuan ឡើយ ដូច្នេះលោក ជាមនុស្សស្អាតស្អំ»។

តុលាការបានសុំទោសលោក Zhang ចំពោះការកាត់ទោសខុសនេះ ខណៈមេធាវីរបស់លោក Zhang ប្រាប់កាសែតរដ្ឋចិន China Daily ថា កូនក្តីលោក នឹងប្ដឹងទាមទារសំណងហើយលោក Zhang ចង់ឲ្យមានការដាក់ទោសមន្រ្តីតុលាការដែលកាត់ទោសលោកខុសនេះដែរ ៕

The post ឱ!លោកតុលាការអើយ៖ ក្រោយជាប់គុក២៧ឆ្នាំ ទើបតុលាការប្រកាសថា គ្មានទោស appeared first on Khmer Breaking News.

Read Entire Article