ACU ៖ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​រួម រួម​គិត រួម​ធ្វើ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ

1 month ago 19

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ នៅតែ​បង្ហាញ​ជំហរ​ស្ថិតនៅ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​រួម រួម​គិត រួម​ធ្វើ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ។​

​សេចក្ដីជូនដំណឹង ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤ អាណត្តិ​ទី​៣ ថ្ងៃ​ពុធ ទី​២៨ ខែតុលា ឆ្នាំ​២០២០ ដោយមាន វត្តមាន​សរុប​ចំនួន ៨​រូប លើ ១១​រូប ហើយ​បាន​ដំណើរការ​ក្រោម​អធិបតីភាព ឯកឧត្តម តុ​ប សំ ប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​។​

របាយការណ៍​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០២០ ដែលមាន​ជាអាទិ៍​៖ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែ មាន​មន្ត្រី​ចំនួន ១៧៧​នាក់ ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី អញ្ជើញ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។ មាន​មន្ត្រី​ចំនួន ៨២​នាក់ បានធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ បន្ទាប់ពី​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍ និង​ត្រូវ​បញ្ឈប់​ពី​ការងារ -​លាឈប់​ពី​ការងា​-​ចប់​អាណត្តិ បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម របប​២​ឆ្នាំ នៅ​ខែមករា​ខាងមុខនេះ ។​

​ពាក្យ​ប្តឹង​ក្នុង​ខែ​មាន ៧៥​ពាក្យ​ប្តឹង (​អនាមិក ៣១​ពាក្យ​ប្តឹង​)
​បានធ្វើ​លិខិត​ឱ្យ​សាមី​ស្ថាប័ន សាមីខ្លួន បំភ្លឺ​ចំពោះ​ការចោទប្រកាន់ ចំនួន ៥៥​លិខិត សាមីខ្លួន សាមី​ស្ថាប័ន បាន​បំភ្លឺ និង​ភ្ជាប់​ឯកសារ​បង្អែក ចំនួន ៣៥​លិខិត បានបញ្ចប់ និង​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន ៧៥​ពាក្យ​ប្តឹង ដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​រក​ទៅ​មិនមាន​តម្រុយ​អំពី​អំពើពុករលួយ ហើយ​ករណី​ខ្លះទៀត​មិនមែនជា​បទល្មើស​ពុករ​លួ​យ ។​

​ក្រោយពី​មាន​កិច្ចពិភាក្សា​យ៉ាង​ផុលផុស​មក ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ មានការ​សរសើរ​នូវ​ការងារ ជាច្រើន​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សម្រេចបាន ពិសេស​ករណី​នានា និង​ការបើក​វគ្គ​បណ្តុះបណ្តាល ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ជួយ​គាំទ្រ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាម​គ្រប់​រូបភាព ជាពិសេស ការពិគ្រោះ​យោបល់ ការផ្តល់​អនុសាសន៍ និង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ពុះពារ​បំពេញការងារ ជម្នះ​រាល់​គ្រប់​ឧបសគ្គ ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ នៅតែ​បង្ហាញ​ជំហរ​ស្ថិតនៅ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​រួម រួម​គិត រួម​ធ្វើ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

Read Entire Article