ITF គ្រោង​នឹង​ផ្តល់​មូលនិធិ​សង្គ្រោះ​ថ្មី ដើម្បី​ជួយដល់​​កីឡាករ​ចំណាត់​ថ្នាក់ទាប

1 week ago 4

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) បាន​លើក​ឡើង​ថា ខ្លួន​កំពុងធ្វើការ​លើ​វិធាន​ការណ៍​បន្ថែម​ទៀត រួម​ទាំង​មូលនិធិ​សង្គ្រោះ​ថ្មី ដើម្បី​គាំទ្រ​ដល់​កីឡាករ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់ទាប ដែល​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​ការ​ចាក់សោរ​ប្រទេស ដែល​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​-១៩ ។

ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​អាជីព​ជា​ច្រើន​រដូវ​កាល​នេះ ត្រូវ​បាន​ពន្យារពេល និង​លុប​ចោល​នៅ​ដើមខែ​មីនា ហើយនឹង​ត្រូវ​បិទទ្វារ​រហូត​ដល់​ចុងខែ​កក្កដា ដោយសារ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដែល​ប្រទេស​ជា​ច្រើន​បាន​អនុវត្ត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ។

កាលពីដើម​ខែឧសភា ITF, ATP, WTA និង​អង្គភាព​គ្រប់គ្រង Grand Slams ទាំង​៤ បាន​ប្រមូល​ថវិកា​ចំនួន​ជាង ៦​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ដល់​កីឡាករ​ដែល​មាន​ចំណាត់​ថ្នាក់ទាប​ប្រមាណ ៨០០​នាក់​ដែល​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ឈ្នះ​ការ​ប្រកួត​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត ។

ITF បាន​និយាយ​ថា វិធាន​ការណ៍​ថ្មី​របស់​ខ្លួន​នឹង​រួម​បញ្ចូល​ទាំង​មូលនិធិ​ជំនួយ ដើម្បី​ជួយ​ដល់​កីឡាករ ដែល​មាន​ចំណាត់ថ្នាក់​ចន្លោះ​ពី ៥០១ ទៅ ៧០០ ដោយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ​ផ្សេង​ទៀត​ឡើយ ។ ព័ត៌មាន​លម្អិត​បន្ថែម​ទៀត នឹង​ត្រូវ​ប្រកាស​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២ ខែមិថុនា​ខាង​មុខ ។

លោក David Haggerty ប្រធាន ITF បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា «​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​អស់ពី​លទ្ធភាព ដើម្បី​ធានា​ថា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ក្នុង​ស្ថាប័ន​នេះ ទទួល​បានការ​គាំទ្រ​ដែល​ពួក​គេ​ត្រូវការ និង​បន្ត​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួក​គេ អំឡុង​ពេល​មាន​វិ​ប​តិ្ត​នេះ​» ៕

The post ITF គ្រោង​នឹង​ផ្តល់​មូលនិធិ​សង្គ្រោះ​ថ្មី ដើម្បី​ជួយដល់​​កីឡាករ​ចំណាត់​ថ្នាក់ទាប appeared first on Koh Santepheap Daily.

Read Entire Article