NOCC បញ្ជ្រាប​ការផ្សព្វផ្សាយ​ឧ​ត្ត​ម​គតិ​អូឡាំពិក ក្នុង​កម្មវិធី «​គុណ​តម្លៃ​អូឡាំពិក​»

1 month ago 11

CAMSOC-​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានរៀបចំ​កម្មវិធី​ប​ញ្ជ្រា​ប​ការផ្សព្វផ្សាយ​ឧ​ត្ត​ម​គតិ​អូឡាំពិក ប្រចាំឆ្នាំ ដែល​ឲ្យ​ឈ្មោះថា «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» នៅ​ច្រើន​កន្លែង ដោយនៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​អនុវិទ្យាល័យ​បណ្តុះ​វិជ្ជា ស្ថិតនៅ​ភូមិ​ប្រតោង ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា តាមពិត​កម្មវិធី «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» នេះ ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​កម្មវិធី​នេះ​ត្រូវ​លើក​មក​ធ្វើ​នៅ​ចុងឆ្នាំ​២០២០​នេះ​វិញ ដើម្បី​បញ្ជ្រាប​ឧ​ត្ត​ម​គតិ​អូឡាំពិក​ជូនទៅ​ដល់​ស្រទាប់​មហាជន យុវជន និង​សង្គមជាតិ​របស់ យើង​។ កម្មវិធី​ចលនា​អូឡាំពិក​នេះ ដែល​បានធ្វើ​រួចហើយ​នៅ​ខេត្តកំពង់ធំ ហើយ​គ្រោង​នឹង​បន្តធ្វើ​នៅ​ខេត្ត​ព្រះសីហនុ កែប កណ្តាល និង​នៅ​រាជធានី​ភ្នំពេញ ដោយ​បង្កើតជា​សកម្មភាព​លេង​កីឡា បញ្ជ្រាប​ឧ​ត្ត​ម​គតិ​អូឡាំពិក និង​ការលើកទឹកចិត្ត ដល់​មហាជន យុវជន សិស្សានុសិស្ស ឲ្យ​បាន​ចូលរួម​លេង​កីឡា ការប្រកួតប្រជែង​គ្នា ព្រមទាំង​ឲ្យ​ពួកគាត់​បាន​ស្វែងយល់​អំពី​រូប​សញ្ញា​អូឡាំពិក ការរត់​ភ្លើង​គុប​អូឡាំពិក​ជាដើម​។ ទាំងអស់នេះ​គឺជា​ការបំពេញ​តាម​គោលការណ៍​របស់​គណៈកម្មាធិកា​រ​អន្តរជាតិ ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​ចលនា​អូឡាំពិក ឧ​ត្ត​ម​គតិ​អូឡាំពិក និង​ទទួលបាន​ការគាំទ្រ​ចលនា​អូឡាំពិក​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ជាមួយគ្នា​នោះ NOCC បាន​អញ្ជើញ​កីឡាករ​អូឡាំពិក ចូលរួម​ក្នុង​កម្មវិធី «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​»​នេះ ហើយ​ក្រៅពីនេះ​វាគ្មិន​សំខាន់ៗ គឺជា​អ្នក​ដែល​ធ្លាប់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អូឡាំពិក ដែល​នឹងត្រូវ​បន្ត​ចែករំលែក​បទពិសោធន៍ និង​នាំ​ឲ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លេង​កីឡា​មាន​ចំនួន​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ ដោយ​អ្នកចូលរួម​ទាំងអស់​សុ​ទ្ធ​តែ​បានបង្ហាញ​នូវ​ស្នាមញញឹម​សប្បាយរីករាយ​គ្រប់ៗ​គ្នា​។ វាគ្មិន​សំខាន់ៗ ដែល​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​នេះ រួមមាន​៖ លោក ញ៉ា​ន សុខ​វិសាល បង្ហាញ​អំពី​គោលការណ៍​គ្រឹះ​នៃ​ទស្សនៈវិជ្ជា​អូឡាំពិក និង​គុណ​តម្លៃ​អូឡាំពិក​។ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បង្ហាញ​អំពី​ប្រធានបទ កម្ពុជា​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​វេជ្ជបណ្ឌិត ហួត ចាន់​ធានី បង្ហាញ​អំពី​ផ្នែក​ការបណ្តុះបណ្តាល​អប់រំ​ស្តីពី​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា តាម​ការគ្រោងទុក NOCC នឹង​បន្តធ្វើ​កម្មវិធី «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» នៅ​៤​រាជ​ធ​នី​-​ខេត្ត​ទៀត ដូចជា​ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ដែល​គ្រោង​ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា ជា​បន្តបន្ទាប់ ហើយ​កម្មវិធី​នេះ ក៏បាន​កំណត់​នូវ​ចំនួន​អ្នកចូលរួម​មិន​ឲ្យ​ច្រើនពេក​ដែរ ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

Read Entire Article